មានករណីហឹង្សាមួយបានកើតឡើង ក្នុងដីឡូត៍ ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយជនបង្ក ប្រើកាំកាប់ទៅលើជនរងគ្រោះ ៣កំបិត បណ្ដាលឲ្យរងរបួសធ្ងន់។ ជនបង្កឈ្មោះ ថា ថេត ឯជនរងគ្រោះឈ្មោះ ដូង សុថាត ទាំងពីរនាក់ជាកម្មករចាក់ផ្លូវបេតុង ដោយធ្វើការ និងស្នាក់នៅជាមួយគ្នា ប៉ុន្តែមិនសូវចុះសម្រយងជាមួយគ្នានោះទេ។



យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៦ល្ងាច បន្ទាប់ពីចប់ម៉ោងការងារ ជនសង្ស័យ និងកម្មកររួមការងារចំនួន៤នាក់ បានទិញស្រា-ស ២លីត្រ មកផឹកនៅក្បែរកន្លែងចុងភៅក្នុងរោងស្នាក់នៅក្បែរមាត់ទន្លេ ក្រោយសាលាអនុវិទ្យាល័យព្រែកបង្កង ស្ថិតនៅក្នុងភូមិព្រែកតាកូវ ពេលជនសង្ស័យផឹកស៊ី ដល់វេលាម៉ោង ៧យប់ ជនសង្ស័យបាននិយាយជជែកគ្នាឮៗក្នុងវង់ផឹកស៊ី ជាហេតុបង្កឱ្យមានការរំខានដល់កម្មករផ្សេងទៀតដែលស្នាក់នៅទីនោះ ទើបជនរងគ្រោះបានប្រាប់ទៅជនសង្ស័យ ថាកុំឱ្យមាត់លឺៗពេក ភ្លាមនោះជនសង្ស័យបានទាញកាំបិត ស្ទុះកាប់ជនរងគ្រោះត្រូវចំនួន ៣កាំបិត ចំក្បាល និងចំស្មាខាងស្តាំ បណ្តាលឱ្យរងរបួសហូរឈាម។ ឃើញដូច្នោះក្រុមកម្មករ ដែលស្នាក់នៅទីនោះបាននាំគ្នាឃាត់។ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពសង្កាត់ព្រែកបង្កង ចំណែកជនសង្ស័យឈ្មោះ ថា ថេត ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ឃាត់ខ្លួនយកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

