របាយការណ៍ប៉ូលីសបង្ហាញថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល ជនសង្ស័យឈ្មោះ វិន ភេទប្រុស បានជិះម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំផ្លាកលេខ មកផ្ទះរបស់ជនសង្ស័យឈ្មោះ រ៉េត សារ៉ៃ រួចបានបបួលជនសង្ស័យឈ្មោះ រ៉េត សារ៉ៃ ជិះម៉ូតូ ដើរលេងតាមវាលស្រែ បំនងដើររកលួចម៉ូតូគេទុកចោល។ ជនសង្ស័យទាំង ២នាក់ បាននាំគ្នាជិះម៉ូតូចេញមកតាមផ្លូវរហូតដល់ចំណុចច្រកចូលព្រលានយន្តហោះថ្មី ពួកគេបានជិះចូលទៅក្នុងបរិវេណការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី បានឃើញម៉ូតូរបស់ជនរងគ្រោះដាក់ចោលលើខ្នងប្រឡាយ។ ភ្លាមនោះជនសង្ស័យឈ្មោះ វិន បានឱ្យជនសង្ស័យឈ្មោះ រ៉េត សារ៉ៃ ចុះទៅធ្វើសកម្មភាពកាច់ សោ-ក ម៉ូតូរបស់ជនរងគ្រោះ ដោយយកសោរអក្សរ T យកទៅចាក់បំបែកគ្រាប់សោរ។ ពេលធ្វើសកម្មភាពបានសម្រេច ក៏នាំគ្នាជិះម៉ូតូម្នាក់១គ្រឿង គេចខ្លួន។ ពេលជិះដល់ចំណុចប៉ុស្តិ៍យាមសន្តិសុខ ភ្លាមនោះដោយមានការសង្ស័យកម្លាំងសន្តិសុខបាន ឃាត់ជនសង្ស័យឈ្មោះ រ៉េត សារ៉ៃ សួរនាំ ដោយភ័យពេកជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេច តែត្រូវកម្លាំងសន្តិសុខចាប់ឃាត់បាន។ ចំណែកជនសង្ស័យឈ្មោះ វិន ជិះម៉ូតូរត់គេចខ្លួនបាត់។ សន្តិសុខបានប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើ ទៅឲ្យកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុកស្រុកកណ្ដាលស្ទឹង ដើម្បីធ្វើសាកសួរបន្ត។

ក្រោយការសាកសួរ ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពភាពកាច់-ក ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមក ខ្លួនគេ និងជនសង្ស័យឈ្មោះ វិន ធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋចំនួន២លើក ដោយលើកទី១ នៅម្តុំផ្លូវជាតិលេខ៣ ធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ បានសម្រេច និងលើកទី២ ត្រូវបានសមត្ថកិច្ចចាប់ឃាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Share.