កីឡាករ វឿន វាសនា សមាជិករបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅកោះតៃវ៉ាន់ ដើម្បីចូលរួមជាមួយក្រុមបាល់ទះ Win Streak ក្រោយចប់ព្រឹត្តិការណ៍ SEA V.League Challenge និងពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤។

មូលហេតុ វឿន វាសនា ប្រយ៉ាប់ចេញដំណើរទៅតៃវ៉ាន់ ភ្លាមៗដោយសារ Win Streak ត្រៀមចូលរួមពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024 ដែលប្រទេសអ៊ីរ៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Yazd គ្រោងនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​​ប្រាក់​រង្វាន់​១០០​លាន​រៀល​ក្នុង​ព្រឹត្តិការណ៍​​បាល់ទះ​ពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤ ដែល​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​លើ​ទីលាន​​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល ៣សិត​ទល់០។

សរុប​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​​​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​មាន៖
លេខ១ ក្រុម​កម្ពុជា ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន ១០០ លាន​រៀល
លេខ២ ក្រុម​ម៉ាឡេស៊ី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ​​ចំនួន​ ​៣០​​ លាន​រៀល
លេខ៣ ក្រុម​សិង្ហបុរី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន ២០ ​លាន​រៀល
លេខ៤ ក្រុម​ឡាវ ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន​១០ ​លាន​រៀល

សូម​បញ្ជាក់​ថា​បេក្ខភាព​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024 ជ្រើស​ចេញ​ពី​ពានរង្វាន់ SEA V.League Challenge ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៤ រួម​មាន​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៣០​ខែ​សីហា ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

លទ្ធផល​នៃ​​ការ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទះ​បុរស SEA V.League Challenge មាន៖
៣០ សីហា ២០២៤
គូ​ទី១ សិង្ហបុរី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ ម៉ាឡេស៊ី
៣១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ សិង្ហបុរី
គូទី២ កម្ពុជា ៣-០ ឡាវ
១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ សិង្ហបុរី

ដូច្នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម មាន​ការ​សម្រេច​ជា​បឋម​ថា​នឹង​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​មីយ៉ាន់ម៉ា៕

Share.