មន្ត្រីនាយកដ្ឋានព្រៃឈើបាននិយាយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះថា ក្រពើសរុបចំនួន ២៤ក្បាលត្រូវបានចាប់ចេញពីតំបន់លំនៅដ្ឋានក្នុងទីក្រុង Vadodara នៃរដ្ឋ Gujarat ចំពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧-២៩ ខែសីហា ដែលនាំឱ្យកម្រិតទឹកនៅក្នុងទន្លេ Vishwamitri កើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Hindustan Times។

មន្ត្រីនាយកដ្ឋានព្រៃឈើក្នុងទីក្រុង Vadodara លោក Range Karansinh Rajput បាននិយាយថា ទន្លេនេះ គឺជាជម្រករបស់សត្វក្រពើចំនួន ៤៤០ក្បាល ដែលភាគច្រើនវាបានផ្លាស់ទីទៅក្នុងតំបន់លំនៅដ្ឋានពេលមានទឹកជំនន់។

លោកបានមានប្រសាសន៍ថា «ក្រៅពីសត្វក្រពើចំនួន ២៤ក្បាល យើងក៏បានជួយសង្គ្រោះសត្វចំនួន ៧៥ក្បាលផ្សេងទៀត រួមមាន សត្វពស់ ពស់វែក អណ្តើកធំៗ ចំនួន ៥ក្បាល ដែលមានទម្ងន់ជិត ៤០គីឡូក្រាម និងសត្វកាំប្រម៉ា ក្នុងរយៈពេល ៣ថ្ងៃនេះ។

បើតាមមន្រ្តីក្នុងតំបន់បានឱ្យដឹងថា ក្រពើតូចបំផុតដែលយើងចាប់បានមានប្រវែងជាង ៣០សង់ទីម៉ែត្រ ចំណែកសត្វក្រពើធំជាងគេមានប្រវែងជាង ៤ម៉ែត្រ ដែលស្ថិតនៅតាមដងទន្លេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនសេចក្ដីរាយការណ៍ពីការវាយប្រហាររបស់សត្វក្រពើមកលើមនុស្សក្នុងតំបន់នោះឡើយ។

ជាមួយគ្នា នៅពេលទឹកបានស្រកទៅវិញនៅរដ្ឋ Gujarat ប្រជាពលរដ្ឋរស់នៅទីនោះមានការព្រួយបារម្ភពីការរីករាលជំងឺអាសន្នរោគផងដែរ ខណៈដីល្បាប់ គំនរសំរាម និងភក់កំពុងហូរចូលទីក្រុង Vadodara។

សូមជម្រាបថា  ភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយសារខ្យល់ព្យុះស៊ីក្លូន បានវាយប្រហាររដ្ឋ Gujarat កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ខណៈសត្វអាសិរពិសជាច្រើនបានហែលចូលក្នុងតំបន់ខាងលើ។

ប្រភព៖ Hindustan Times

x
Share.