កណ្តាល ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ មិនបានឈប់ភ្លើងស្តុបក្រហម ជ្រុលទៅបុកជាមួយម៉ូតូកង់បីបើកច្រាសទិស កំពុងបត់ឆ្វេង បណ្តាលឱ្យក្រឡាប់ផ្ងារជើង របួសធ្ងន់ម្នាក់ ស្រាល២នាក់ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០២ ឆ្នាំ២០២៣ នៅតាមមហាវិថី សុីជីនពីង ចំណុចភ្លើងស្តុប ច្រកចូលព្រលានថ្មី ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1P-4172 ជិះដោយឈ្មោះ សោម រតនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង រួមដំណើរជាមួយប្រពន្ធឈ្មោះ ម៉ាន ស្រីណាន អាយុ២៧ឆ្នាំ ។ ចំណែកភាគីម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JT-0602 បើកបរដោយឈ្មោះ ឈួន វណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីមជិះឌុបគ្នាពីកើតទៅលិច ដល់ចំណុចកើតហេតុ មិនឈប់ភ្លើងស្តុប ជ្រុលទៅបុកជាមួយម៉ូតូកង់បី បើកពីលិចទៅកើត កំពុងបត់ឆ្វេងទៅជើង បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់អ្នកបើកម៉ូតូ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងម៉ូតូកង់បីត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕
អត្ថបទ តាតុងសែនជ័យ

