ភ្នំពេញ ៖ ស្ត្រីម្នាក់បាត់មិនឃើញចេញឬចូលបន្ទប់ជួល៣ថ្ងៃ តែគ្មានអ្នកជិតខាងណាចាប់អារម្មណ៍ រហូតដល់ធំក្លិនស្អុយភាយចេញពីបន្ទប់ទ្រាំលែងបាន ទើបនាំគ្នាផ្អើល សង្ស័យរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ពិនិត្យមើលជាក់ស្តែង ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ជួលលេខ៨ ជាន់ទី១ តាមផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីដែលបានស្លាប់ខាងលើ មានឈ្មោះ អាង សុវណ្ណ ហៅពេជ្រ អាយុ៣៤ឆ្នាំ មុខរបរមេការភោជនីយដ្ឋាន«អាស្រី» ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុតែម្នាក់ឯង មានស្រុកកំណើតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

តាមប្រពបានឱ្យដឹងថា ស្ត្រីរងគ្រោះ បាត់មិនឃើញចេញ ចូល បនហទប់៣ថ្ងៃមកហើយ តែអ្នកជិតខាងមិនចាប់អារម្មណ៍ ព្រោះជាប់រវល់ការងាររៀងខ្លួន លុះមកដល់រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានធំក្លិនស្អុយចេញពីបន្ទប់ខាងលើ រហូតដល់ទ្រាំលែងបាន អ្នកជិតខាងប្រាប់ទៅម្ចាស់ផ្ទះជួល ផ្អើលនាំគ្នាឆោឡោ សង្ស័យរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច បង្ហើបបង្អូចមើល ប្រទះឃើញជនរងគ្រោះដេកស្លាប់ ក្នុងសភាពហើមស្អុយទៅហើយ ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ទៅធ្វើការពិនិត្យកោសល្យវិច័យ សន្និដ្ឋានថាស្លាប់ដោយខ្យល់គរ រួចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសាកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
អត្ថបទ៖តាតុងសែនជ័យ

