កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបន្លំចូលរួច ទូរស័ព្ទដៃពីគ្រឿង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥:១០នាទីនៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ សឿង ជាវ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈ ទូរស័ព្ទដៃ០២គ្រឿង (ម៉ាក IPhone 11 ពណ៌ស្វាយ ០១គ្រឿង, ម៉ាក IPhone 12 Pro Max ពណ៌ខៀវ ០១គ្រឿង)។

ចំណែកជនរងគ្រោះ មានឈ្មោះ ញឹម សែងដាវ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។បានបាត់បង់ទូរស័ព្ទដៃ០២គ្រឿង (ម៉ាក IPhone 11 ពណ៌ស្វាយ ០១គ្រឿង, ម៉ាក IPhone 12 Pro Max ពណ៌ខៀវ ០១គ្រឿង) ។

តាមប្រព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មុនពេលកើតហេតុ ជនរងគ្រោះបានមកកំដរបុណ្យសពអ៊ំនៅផ្ទះជាប់គ្នា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១:១០នាទី ជនរងគ្រោះបានឡើងទៅសម្រាកនៅលើផ្ទះបុណ្យសពជាមួយបងប្អូន និងក្រុមគ្រួសារ ដោយជនរងគ្រោះសម្រាកនៅជាប់និងមាត់ទ្វារផ្ទះ ហើយទុកទូរស័ព្ទដៃចំនួន០២គ្រឿងដូចខាងលើ សាកថ្មនៅលើក្បាលដំណេក ។

លុះដល់ម៉ោង០៥:៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រោកពីសម្រាក ក៏រកមើលទូរស័ព្ទដៃរបស់ខ្លួនមិនឃើញ ក៏នាំគ្នាផ្អើលឆោឡោឡើងដើររកទូរស័ព្ទដៃ បន្ទាប់មកជនរងគ្រោះបានឱ្យប្អូនថ្លៃឆែក តាមប្រព័ន្ធ ICloud រកទូរស័ព្ទ ពេលនោះក៏ឃើញ ប្រព័ន្ធ ICloud លោតទីតាំងនៅផ្សារគគីរ ភ្លាមនោះជនរងគ្រោះរួមជាមួយនឹងក្រុមគ្រួសារបាននាំគ្នាមកដល់ទីតាំងលោតប្រព័ន្ធ ICloud ក៏ឃើញជនសង្ស័យបម្រុងនឹងយកទូរស័ព្ទដៃលក់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចតែម្តងទៅ ។

 ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា នៅវេលាម៉ោង០៥:១០នាទី ថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៤ ខ្លួនបានដើរទៅផ្ទះបុណ្យសព ហើយក៏ឡើងទៅហៅប្រពន្ធរបស់ខ្លួនដែលសម្រាកនៅលើផ្ទះបុណ្យសព ដើម្បីទៅធ្វើការរោងចក្រ ពេលហៅប្រពន្ធរួចហើយក៏ដើរត្រឡប់មកវិញ ក៏ឃើញទូរស័ព្ទដៃចំនួន០២គ្រឿងនៅលើក្បាលដំណេករបស់ជនរងគ្រោះ រួចក៏លួចយកទូរស័ព្ទដៃចំនួន០២គ្រឿង យកមកផ្ទះរួចក៏បន្តសកម្មភាពយកទូរស័ព្ទទាំង០២គ្រឿង យកទៅលក់នៅផ្សារគគីរ មូលហេតុខ្លួនលួចទូរស័ព្ទដៃនេះគោលបំណងយកទៅលក់ដើម្បីយកលុយទៅប្រើប្រាស់ ។

 បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖កណ្តាល

Share.