ស្នេហារយៈពេល​៨ឆ្នាំ រវាង​ប៉ាអយ និង​ម៉ាដាម ដា បាន​ដើរ​ដល់ទីបញ្ចប់​ ដោយ​អ្នក​ទាំងពីរ​ព្រម​បែក​គ្នា​ដោយ​សន្ដិវិធី​ ប៉ុន្តែ​របួស​បេះដូង​របស់​អ្នក​ទាំងពីរ​ហាក់​ឆាប់​ជាសះស្បើយ ព្រោះ​ម្នាក់ៗ​មាន​អ្នក​មក​ជួយ​ស្អំ ជួយ​ថែ​និង​ព្យាបាល​របួស​បេះដូង​រៀងៗ​ខ្លួន​ទៅ​ហើយ។ ដោយ​ម៉ាដាម ដា បាន​បើក​បេះដូង និង​ត្រៀម​ចូលរោងការជាមួយ​ ប៊ឺរី ខណៈ​ដែល​ ប៉ាអយ ក៏កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នាជាមួយនឹង​ នារីជា​អ្នក​ជំនួញ​អនឡាញ​ដ៏ស្រស់​សោភា​ម្នាក់​ផងដែរ។

ត្បិត​ថា​ស្នេហា​រវាងខ្លួន និង​នារីជនជាតិខ្មែរ ជិត​១០ឆ្នាំ មិន​អាច​ដឹកដៃ​គ្នា​ចូលរោងការ​ដូច​ការ​គ្រោង​ទុក​ក្ដី ប៉ុន្តែ​ប៉ាអយ ទំនងជា​មិន​ទាន់រាងចាល​ ចំពោះ​ស្នេហា​ឆ្លងដែន​នោះ​ឡើយ ដោយ​នៅតែ​បន្ត​បើកចិត្ត និង​មើល​ចិត្ត​មើល​ថ្លើម​គ្នា​ជាមួយ​នឹង​អ្នក​ថ្មីដែល​ជាអ្នក​ជំនួញ​អនឡាញ​ដូច​គ្នា។

ដោយ​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ប៉ាអយ បាន​ឆ្លើយប្រាប់​ត្រង់ៗ​ថា លោក​នឹង​ចូលរួម​ក្នុង​ពិធីមង្គលការរបស់​ម៉ាដាម ដា និង​ លោក​ ប៊ឺរី ប្រសិនបើ​មាន​ការ​អញ្ជើញ​ពី​ម្ចាស់​កម្មវិធី៕

Share.