ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បានបន្លឺឡើង ទាំងកណ្ដាលរាត្រី កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខសណ្ឋាគារ ប្ល៊ូ បេ (Blue Bay) ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ក្នុងហេតុការណ៍នេះបណ្ដាលឲ្យ ជនជាតិចិនពីរនាក់ និងសន្តិសុខជាខ្មែរម្នាក់ រងរបួស។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តព្រះសីហនុបានបង្ហើបឲ្យដឹងតាមរយៈការសាកសួរបឋមថា ទាំងភាគីជនបង្ករ និងភាគីជនរងគ្រោះបានណាត់គ្នាមកនិយាយការងារនៅក្នុងសណ្ឋាគារយីហោ ប្ល៊ូ បេ (Blue Bay)  ប៉ុន្តែមិនដឹងមានបញ្ហាអ្វីទេ ភាគីទាំងពីរបានទាស់សម្ដីគ្នាហើយហើយភាគីជនរងគ្រោះបានដើរចេញពីសណ្ឋាគារ ខណៈនោះក៏ត្រូវភាគីម្ខាងទៀតយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់ បណ្ដាលឱ្យភាគីម្ខាងទៀតរងរបួស២នាក់ និងផ្លាតគ្រាប់ទៅត្រូវសន្តិសុខដែលកំពុង ឈរ យាមនៅខាងមុខសណ្ឋាគារបណ្ដាលឲ្យរួងរបួស។

ភ្លាមៗនោះសមត្ថកិច្ចចម្រុះ ចុះមកដល់ទីតាំង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ចំពោះមូលហេតុក៏ដូចជាមុខសញ្ញាជនបង្ក សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតទៅតាមផ្លូវច្បាប់។

ដោយឡែកបើយោងតាមប្រភពសាក្សីជាអ្នកបើកម៉ូតូកង់៣ នៅជុំវិញកន្លែងកើតហេតុបានគូសបញ្ជាក់ថា នៅមុនកើតហេតុ ខណៈពេលគាត់កំពុងអង្គុយលើ ម៉ូតូកង់២ រង់ចាំអតិថិជន ពួកគាត់បានឮសំឡេងស្រែកជជែកគ្នាខ្លាំងៗ មិនបានប៉ុន្មាននាទីផងបានឃើញមនុស្សមួយចំនួនរត់ចេញពីរក្នុងសណ្ឋាគារ។ ជាមួយគ្នានេះផងដែរ ស្នូរអាវុធជាច្រើនគ្រាប់បានបន្លឺឡើងធ្វើឲ្យស្ថានភាពពេលនោះមានភាពច្របូកច្របល់ ទាំងពួកគាត់ និងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើដងផ្លូវមុខសណ្ឋាគារនេះ។ ក្រោយកើតហេតុប៉ុន្មានត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះសមត្ថកិច្ចចម្រុះបានមកដល់ទីតាំងកើតហេតុ គ្រប់គ្រងស្ថានភាព និងបានចូលទៅក្នុងសណ្ឋាគារ ដើម្បីធ្វើការសាកសួរ ឯរឿងអ្វីផ្សេងពួកគាត់ពុំដឹងនោះទេ៕

Share.