សិល្បៈជាតិ៖ តាមការបញ្ចេញរបាយការណ៍ជាផ្លូវការរបស់គ្រឹះស្ថានអង្គរ បានផ្សាយនៅដើមខែកញ្ញាឆ្នាំ ២០២៤នេះឱ្យដឹងថា រយៈពេល៨ខែនៃឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។

ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពុងផែចុងឃ្នៀស ប្រចាំខែសីហា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ បានបង្ហាញលទ្ធផលឱ្យឃើញដូចជា ទី ១ ក្នុងខែ សីហា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានភ្ញៀវទេសចរទិញបណ្ណ ៦៧ ៤៨២ នាក់ ទទួលបានចំណូល ៣,១៥៦,៧៩៩ ដុល្លារ។ នៅក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជាសម្រាប់ខែ សីហា មានចំនួនស្មើនឹង ១៣៤ ៩៦៤ ដុល្លារ ។
សម្រាប់ទី២ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានទេសចរទិញបណ្ណចំនួនភ្ញៀវសរុប ៦៥១ ៨៥៧ នាក់ដែលទទួលបានចំណូលសរុប ៣០ ៣៣៤ ២២៩ ដុល្លារ ហើយក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល ៨ខែ ក្នុងឆ្នាំ២០២៤ មានចំនួនសរុបស្មើរនឹង ១ ៣០៣ ៧១៤ ដុល្លារ ។

សម្រាប់ទី៣. ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ ខែសីហា ឆ្នាំ២០២៤ មានចំនួន ១ ៣៥៣នាក់ ដែលស្មើរនឹង ២០ ២៩៥ដុល្លារ ។ សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ០៨ខែ ឆ្នាំ២០២៤ មានចំនួន ១៣១៧៤នាក់ ដែលស្មើរនឹង១៩៧ ៦១០ដុល្លារ ។ ចុងក្រោយនេះលទ្ធផលទី ៤. ចំណូលពីការលក់សំបុត្រទូក ខែសីហា ក្នុងឆ្នាំ២០២៤ មានចំនួនស្មើនឹង ៤៣ ៦៧៩ ដុល្លារ ។ ក្នុងនោះចំនួនទូកសរុបស្មើនឹង ១៨៥៤ (ទូកតូច=១ ៤០៧,ទូកកណ្តាល= ៤០៥ និងទូកធំ= ៤២)។ សរុបចំណូលលក់សំបុត្រទូក រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៤ មានចំនួន =៥១៧ ៣០១ដុល្លារ។ ចំនួនទូកសរុប=១៩ ៣២៧ (ទូកតូច=១៣ ៥៤៤,ទូកកណ្ដាល= ៥ ១៤៧ និងទូកធំ=៦៣៦)។

អាស្រ័យដូចដែលបានជម្រាបជូនតាមរយៈការរៀបរាប់ខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ គួររំលឹកដែរថា នៅឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ ម៉ឺននាក់ ទទួលបានចំណូល ៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន ២២២.៦៨ភាគរយ៕


