យោងតាមការបញ្ជាក់របស់កីឡាករ វឿន វាសនា សមាជិករបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ថ្លែងប្រាប់សារព័ត៌មានត្រយង ថា៖«ក្រុមបាល់ទះ Win Streak បានសម្រេចដកខ្លួនចេញពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024 ដែលប្រទេសអ៊ីរ៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Yazd គ្រោងនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា»។
មូលហេតុនៃការដកខ្លួនចេញពីពានប្រចាំទ្វីបអាស៊ី គឺដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ២០២៤-២៥ លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League និងពានរង្វាន់នានា។
ទស្សនាវីដេអូកិច្ចសម្ភាសន៍របស់កីឡាករ វឿន វាសនា៖
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់១០០លានរៀលក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ ដែលធ្វើនៅល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះលើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្រោយយកឈ្នះលើក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់០។
សរុបចំណាត់ថ្នាក់និងប្រាក់រង្វាន់ក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024មាន៖
លេខ១ ក្រុមកម្ពុជា ទទួលទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ លានរៀល
លេខ២ ក្រុមម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០ លានរៀល
លេខ៣ ក្រុមសិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០ លានរៀល
លេខ៤ ក្រុមឡាវ ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន១០ លានរៀល។

សូមបញ្ជាក់ថាបេក្ខភាពក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024 ជ្រើសចេញពីពានរង្វាន់ SEA V.League Challenge ដោយមានក្រុមចូលរួមចំនួន៤ រួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែលចាប់ប្រកួតពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ។


លទ្ធផលនៃការប្រកួតក្នុងពានរង្វាន់បាល់ទះបុរស SEA V.League Challenge មាន៖
៣០ សីហា ២០២៤
គូទី១ សិង្ហបុរី ៣-០ ឡាវ
គូទី២ កម្ពុជា ៣-១ ម៉ាឡេស៊ី
៣១ សីហា ២០២៤
គូទី១ ម៉ាឡេស៊ី ៣-០ សិង្ហបុរី
គូទី២ កម្ពុជា ៣-០ ឡាវ
១ សីហា ២០២៤
គូទី១ ម៉ាឡេស៊ី ៣-០ ឡាវ
គូទី២ កម្ពុជា ៣-១ សិង្ហបុរី
ដូច្នេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវឡើងទៅប្រកួតពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលកំពុងរង់ចាំ ខណៈក្រុមវៀតណាម មានការសម្រេចជាបឋមថានឹងធ្លាក់មកលេងក្នុងពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយម៉ាឡេស៊ី សិង្ហបុរី ឡាវ និងមីយ៉ាន់ម៉ា៕




