ភ្នំពេញ៖ ម៉ូតូចំនួន៣គ្រឿងត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ផ្ទះចូលលួចយក តែមានមួយគ្រឿង ត្រូវបានជនសង្ស័យរុញទម្លាក់ទឹកចោល ខណៈដែលម្ចាស់រវល់ទៅលេងផ្ទះបងប្អូន បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូទាំង៣គ្រឿងដែលជនសង្ស័យគាស់ផ្ទះយក មានម៉ាកzoomer ចំនួន២គ្រឿង ម៉ាកស្កុបពី១គ្រឿង តែជនសង្ស័យទម្លាក់ចោលក្នុងទឹកត្រពាំង ។

តាមសម្តីស្ត្រីរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ គាត់នឹងកូនៗនាំគ្នាទៅលេងផ្ទះបងប្អូននៅឯក្រុងតាខ្មៅ លុះដល់ព្រឹកថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០២៤នេះ វិលមកដល់ផ្ទះវិញ ទើបដឹងថាមានជនសង្ស័យគាស់ទ្វារផ្ទះចូលលួចយកម៉ូតូចំនួន៣គ្រឿង ម៉ាកzoomer ចំនួន២គ្រឿង និងម៉ាកស្កុបពីចំនួន១គ្រឿង ក៏ប៉ុន្តែដោយសារម៉ូតូស្កុបពីបែកកង់ ទើបជនសង្ស័យជិះមិនកើត រុញទម្លាក់ទឹកត្រពាំងចោល ។

ក្រោយកើតមានចោរកម្ម ក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូ យកទៅបាត់អស់២គ្រឿង ផ្អើលអ្នកភូមិ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យស្លាកស្នាម និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.