ញូវដែលី៖ មន្ត្រីគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រទេសឥណ្ឌា កំពុងដំឡើងប្រព័ន្ធព្រមានបច្ចេកវិទ្យាខ្ពស់នៅបឹងទឹកកកតំបន់ភ្នំហិម៉ាឡៃជិត ២០០កន្លែង ដែលប្រឈមនឹងហានិភ័យនៃការបាក់ច្រាំងទន្លេ ដែលជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដោយការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមការងារមកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌា (NDMA) កំពុងកំណត់គោលដៅលើបឹងចំនួន ១៩០កន្លែង ដែលត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់បំផុតនៅក្នុងបេសកកម្ម ដែលគ្រោងនឹងចំណាយពេល ៣ឆ្នាំ។
លោក Safi Ahsan Rizvi មន្ត្រីជាន់ខ្ពស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយជាតិឥណ្ឌា (NDMA) ដឹកនាំបេសកកម្ម បានប្រាប់ AFP ថា «យើងបានបោះជំហានដ៏សំខាន់រួចហើយក្នុងការកាត់បន្ថយហានិភ័យ»។

បឹងទាំងនេះ ត្រូវបានបង្កើតឡើងដោយការថយចុះនៃផ្ទាំងទឹកកក ដែលជាបាតុភូតធម្មជាតិដែលកើតឡើងដោយសីតុណ្ហភាពកាន់តែក្តៅ នៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។
បច្ចុប្បន្នបេសកកម្មមួយកំពុងធ្វើការដើម្បីដំឡើងប្រព័ន្ធព្រមានជាមុន នៅជុំវិញបឹងដែលមានហានិភ័យខ្ពស់ចំនួន ៦កន្លែងនៅក្នុងរដ្ឋ Sikkim ភាគឦសាន ដែលមានមនុស្សយ៉ាងហោចណាស់ ៧៧នាក់បានស្លាប់នៅក្នុងទឹកជំនន់បែបនេះកាលពីខែតុលា ឆ្នាំ២០២៣។

លោក Rizvi បាននិយាយថា «យើងបានធ្វើបឹងចំនួន ២០កន្លែង រហូតមកដល់ពេលនេះ ហើយនឹងបញ្ចប់ការសាងសងបឹងចំនួន៤០កន្លែង នៅរដូវក្តៅនេះ»។

ក្រុមបេសកកម្ម រួមទាំងអ្នកជំនាញមកពីកងទ័ព និងទីភ្នាក់ងាររដ្ឋាភិបាលចម្រុះ រួមទាំងអង្គការស្រាវជ្រាវអវកាសឥណ្ឌា អ្នកភូគព្ភសាស្ត្រ ធារាសាស្ត្រ វិស្វករកុំព្យូទ័រ និងអ្នកឯកទេសអាកាសធាតុ។ ជាមួយគ្នា កងទ័ពអាកាសរបស់ឥណ្ឌា ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងបេសកកម្មនៅពេលក្រោយ ដោយបញ្ជូនឧបករណ៍ធុនធ្ងន់ទៅកាន់ទីតាំងដាច់ស្រយាលផងដែរ។
សូមជម្រាបថា ភ្នំហិម៉ាឡៃ របស់ប្រទេសឥណ្ឌា មានបឹងទឹកកកយ៉ាងហោចណាស់ ៧,៥០០កន្លែង ដែលភាគច្រើនបង្កហានិភ័យនៃទឹកជំនន់ដ៏គ្រោះថ្នាក់៕

