សិល្បៈជាតិ៖ ថ្មីៗនេះ អ្នកគាំទ្រគ្រប់គ្នាបានឃើញតារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា ប្រឹងប្រែងជួយជ្រោងកូនប្រុសច្បង ឃុំ រដ្ឋាណាលីដូ ឱ្យក្លាយជាតារាចម្រៀងយុវវ័យមួយរូបប្រៀបដូចស្លឹកឈើជ្រុះមិនឆ្ងាយគល់ បន្ទាប់ពីការសំណូមពរយ៉ាងច្រើនពីហ្វេនរបស់អ្នកនាង។

អ្នកនាង យក់ ឋិតរដ្ឋា ធ្លាប់បានលើកឡើងថា កូនប្រុសច្បងរបស់អ្នកនាងមានទេពកោសល្យសិល្បៈពីកំណើតដោយអ្នកនាងមិនទាន់បានបង្រៀន។ ដោយអ្នកនាងបានលើកឡើងបន្ថែមថា កូនប្រុសច្បងអ្នកនាងរូបនេះ រូបគេផ្ទាល់មានសមត្ថភាពអាច្រៀង និងលេងឧបករណ៍តន្ត្រីតាមរយៈការរៀនតាមបណ្ដាញសង្គមយូធូប។ ហើយប្ដីប្រពន្ធអ្នកនាងមិនបានបង្ខិតបង្វំកូនឱ្យដើរតាមគន្លងរបស់ខ្លួន បានន័យថា រូបគេផ្ទាល់មានចិត្តស្រឡាញ់សិល្បៈចម្រៀងស្រាប់តែម្ដង។
ឃុំ រដ្ឋាណាលីដូ ជាក្មេងប្រុសទើបតែពេញវ័យ ១៧ ឆ្នាំ ប៉ុន្តែបើនិយាយពីទឹកដមសំឡេងច្រៀងវិញ គឺពិតជាពីរោះទាក់ចិត្តយុវវ័យជំនាន់ថ្មី។ ខណៈនៅពេលថ្មីៗនេះ ឃុំ រដ្ឋាណាលីដូ បានបញ្ចេញបទចម្រៀង Cover បទរបស់អ្នកនាង យក់ ឋិតរដ្ឋា ដែលមានចំណងជើង «បេះដូងបញ្ច្រាស់ទិស» ដែលធ្លាប់បានចេញផ្សាយនៅក្នុងផលិតកម្ម KH Production។


ងាកមកលោក ឃុំ ប៉ុណ្ណាដែត ក៏ធ្លាប់បានលើកនិយាយពីការជំរុញឱ្យកូនឱ្យចូលប្រឡូកសិល្បៈដែរថា សមត្ថភាពសិល្បៈនៃការច្រៀង និងការលេងភ្លេងរបស់កូនប្រុសច្បង គឺសម្រាប់លោកគឺមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញមានទេពកោសល្យតាំងពីកំណើតមកបែបនេះ។ លោក ឃុំ ប៉ុណ្ណាដែត បញ្ជាក់ថា លោកនឹងជំរុញកូនប្រុសច្បងឱ្យទៅសិក្សាផ្នែកដូរតន្ត្រីនៅសាលាជាមួយគ្រូជំនាញឱ្យកាន់តែចេះច្បាស់បន្ថែម ដើម្បីប្រើប្រាស់អាជីពមួយនេះឱ្យបានច្បាស់លាស់នាថ្ងៃអនាគត។
យ៉ាងណាមិញអ្នកនាង យក់ ឋិរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ធ្លាប់លើកឡើងបញ្ជាក់ទៀតថា ក្រៅពីកូនប្រុសច្បងអ្នកទាំងពីរមាននិស្ស័យស្រឡាញ់ផ្នែកសិល្បៈចម្រៀងហើយនោះ ចំពោះការសិក្សាវិញ អ្នកនាង និងស្វាមី ក៏មិនបណ្ដោយឱ្យកូនប្រុសភ្លេចខ្លួន ឬមិនពង្រឹងលើការសិក្សាផងដែរ។ អ្នកនាងបានជំរុញឱ្យកូនប្រុស រៀនសាលាល្អៗរហូតដល់បញ្ចប់ការសិក្សាថ្នាក់ឧត្តម។

គួររំលឹកដែរថា អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគ្នាសាងគ្រួសារមានកូនប្រុស ២ នាក់ និងកូនស្រីម្នាក់ ។ សព្វថ្ងៃរបរផ្សែផ្សំពីអាជីពសិល្បៈអ្នកនាងមានមុខជំនួញក្នុងដៃដូចជា របរផ្នែកអចលនៈទ្រព្យ លក់គ្រឿងអលង្ការ និងលក់ផលិតផលនៅលើអនឡាញន៍ជាដើម៕

