សិល្បៈជាតិ៖ ផលិតកម្ម LD ដាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខ្នាតធំថ្មីមួយទៀតដែលមានចំណងជើង «ផ្ទះព្រាយកន្លង» ដែលភាពយន្តជាប្រភេទភាពយន្តរន្ធត់ ឆ្លុះបង្ហាញពីប្រភេទព្រាយតាមជំនឿប្រជាជនខ្មែរ។ សម្រាប់តួសម្ដែងនីមួយៗនៅក្នុងភាពយន្តនេះបានប្រាប់អ្នកសារព័ត៌មានពីហេតុការណ៍រន្ធត់ៗស្ដែងៗឱ្យឃើញ នៅពេលថតភាពយន្ត ហើយហ្វេនគ្រប់គ្នាគួរតែមកទស្សនាផ្ទាល់នៅរោងភាពយន្ត។

ជាមួយឱកាសសម្ពោធភាពយន្តមុនដាក់បញ្ចាំងជាទូទៅ កញ្ញា អឿន រ៉ូហ្សា និងលោក គីរី ដែលជាតួប្រុសស្រីនាំអារម្មណ៍អ្នកគាំទ្រទៅរកភាពភ័យរន្ធត់នោះ បានបញ្ជាក់ច្បាស់អំពីដំណើរការណ៍នៃការថតភាពយន្តទាំងថ្ងៃទាំងយប់ ដើម្បីសម្រិតសម្រាំងយកប្លង់រន្ធត់ៗដែលមានកើតឡើងស្ដែងៗ។ ទីតាំងដែលភាពយន្តនេះបានផ្ដិតយករូបភាព គឺនៅផ្ទះឈើមួយដែលទុកចោលនៅកណ្ដាលវាលស្រែនាទឹកដីខេត្តតាកែវក្នុងតំបន់ស័ក្ដសិទ្ធ។
សម្រាប់យុវតី Samenta ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តនេះ ក៏បានគូសបញ្ជាក់ប្រាប់អំពីផលលំបាក និងការពុះពារថតប្លង់សំខាន់ៗមកជូនអ្នកទស្សនាឱ្យព្រឺព្រួចឱ្យដឹងថា ភាពយន្តនេះភាគច្រើនថតតែនៅពេលយប់រហូតដល់ភ្លឺឡើង ដូច្នោះហើយការលំបាកគឺមានច្រើនទម្រាំតែត្រូវមួយប្លង់។ ជាពិសេសគឺប្លង់ពូតថង់ឈាមបង្ហូរចូលមាត់។



សូមជម្រាបថា ភាពយន្តរឿង «ផ្ទះព្រាយកន្លង» បានដំណាលពីសាច់រឿងមួយ បន្ទាប់ពីរើផ្ទះមករស់នៅជនបទជាមួយផ្ទះថ្មីគ្រោងធ្វើពីធីឡើងផ្ទះ គ្រួសាររបស់បុរី ក៏ជួបរឿងចម្លែកនឹកស្មានមិនដល់ ដែលធ្វើឱ្យកូនស្រីច្បងរបស់ពួកគេឈ្មោះកែវបានបំពានតំណម ហើយត្រូវព្រាយសណ្ឋិតដែលផ្អើលចូលភូមិ។ អ្នកភូមិស្វែងរកព្រាយរហូតដឹងថាព្រាយកំពុងនៅក្នុងខ្លួនរបស់កែវ ហើយតាសានដែលជាអាចារ្យក៏បានរកវិធីរំដោះ និងជួយកែវតាមវិធីសាស្ត្រសាសនាផ្សេងៗ។ ភាពយន្តនេះមានដាក់បញ្ចាំងនៅរោងភាពយន្តពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ តទៅគ្រប់រោងភាពយន្ត៕

