ក្រោយពីបើកចំហទំនាក់ទំនងជាសាធារណៈ គេឃើញ លោក លាង វេងហួរ និង កញ្ញា រឿន ណាត បានបន្តបង្ហោះចែករំលែករូបភាពផ្អែមល្ហែមនៅគ្រប់ទីកន្លែងដែលខ្លួនបានទៅ ធ្វើឱ្យហ្វេនៗ ពិសេសអ្នកកំពុងអត់គូ ឬអ្នក Single លែងចង់នៅម្នាក់ឯងទៀត។
ក្រោយបញ្ចប់បេសកកម្មជាពិធីករនៅក្នុងកម្មវិធីកម្រិតពិភពលោក Miss Universe Cambodia 2024 បុរសសង្ហាម្ចាស់តំណែង Mr. Friendship International 2024 ពីប្រទេសថៃ និងក្រោយពីដឹកដៃម្ចាស់ចិត្តទៅផ្សព្វផ្សាយភាពយន្ត «អ្នកម្ដាយ Zombie» នៅប្រទេសហ្វីលីពីន លាវ វេងហួរ បានឆ្លៀតបណ្ដើរគូស្នេហ៍គឺកញ្ញា រឿន ណាត ទៅឆ្លងថ្ងៃខួបកំណើតដ៏សែនរ៉ូមែនទិក ដល់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។



កំណើតស្នេហ៍ដែលផ្ដើមចេញពីការសម្ដែងភាពយន្តជាមួយគ្នានេះ កាន់តែផ្អែមល្ហែមនិងល្អូកល្អឺន ព្រោះមិនថាទៅណាមកណា ឬមួយទៅកម្មវិធីអ្វីនោះឡើយ គេឃើញអ្នកទាំងពីរតែងតែបណ្ដើរគ្នាទៅចូលរួមយ៉ាងត្រសងប្រៀបដូចសត្វលលកញីឈ្មោល ជាពិសេសគឺភាពផ្អែមល្ហែម និងស្និតស្នាល បែបបើកចំហររបស់អ្នកទាំងពីរគឺមានភាពស្អិតល្មួត ប្រៀបដូចស្ករតាំងម៉ែ រហូតមានអ្នកខ្លះលួចខ្សឹប ថាច្រណែន ចង់បានសង្សារមួយគ្រាន់បណ្ដើរ កុំឱ្យចាញ់អ្នកទាំងពីរផងដែរ។
មិនលាក់បាំងពីចំណងស្នេហានេះ បុរសសង្ហា លាវ វេងហួរ ដែលជានិស្សិតរៀននៅបរទេស និងមានអត្តចរិតបែបបុរសបរទេសតែងតែបង្ហោះបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយនារីជាទីស្រលាញ់ ដូចជាការបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងដំណើរកម្សាន្ត ក្រោយសំរាកការងារ និងនាំម្ចាស់ចិត្តទៅឆ្លងខួបកំណើតនៅក្រៅប្រទេសដើម្បីជាសក្ខីភាពនៃចំណងស្នេហាថ្មោងថ្មី។



លាង វេងហួរ បានថតរូបភាពស្អាតៗជាច្រើនរបស់ កញ្ញា រឿន ណាត បង្ហោះនៅលើបណ្ដាញ Socilamedia របស់ខ្លួន ព្រមជាមួយនឹង Caption ជាច្រើន «Happy birthday អ្នកណាគេថតឱ្យ ស្អាតយ៉ាងនេះ, សម្រស់ទីក្រុងកូឡាឡាំពួរ 10/10 សម្រស់ Honey អស់លេខដាក់ហ្មង, អគារភ្លោះមានគូ ខ្ញុំក៏មានគូដែរ កុំឱ្យចាញ់»
ក្រោយឃើញពីភាពផ្អែមល្ហែម និងសក្តិសមគ្នារវាងអ្នកទាំងពីរ អ្នកគាំទ្របន់ស្រន់សូមឱ្យចំណងស្នេហ៍របស់អ្នកទាំងពីរស្រលាញ់គ្នាយូរអង្វែង និងឆាប់មានដំណឹងល្អនាពេលឆាប់ៗខាងមុខនេះ៕

