ភ្នំពេញ៖ ម៉ៃ សុគន្ធ ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមភ្លាម ក្រោយពីបើករថយន្តគេចចេញពីគោលដៅត្រួតពិនិត្យ ចរាចរណ៍របស់សមត្ថកិច្ច រហូតដល់សង្កាត់ទឹកថ្លា ហើយបុករះម៉ូតូកង់បីចំនួនពីរគ្រឿងនិងទ្រូងផ្លូវបាក់អស់ជាច្រើនកង់ កាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមចុចអាន៖ បង្ក្រាបបទល្មើសគ្រឿងញៀន៦ករណី ឃាត់ខ្លួនជនសង្ស័យ២៤នាក់

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BW-6802 ធ្វើដំណើរចូលមកក្នុងគោលដៅត្រួតពិនិត្យចរាចរណ៍ មិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសរូបនោះបានព្យាយាមបើករថយន្ដរត់គេច ទើបកម្លាំងសមត្ថកិច្ចយករថយន្តស៊ីរ៉ែនដេញតាមពីក្រោយ ហើយបុរសរូបនោះព្យាយាមបើករត់គេចរហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បុកជាមួយកង់បីមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1FS-6768 ដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខ ហើយកង់បីនោះក៏បានខ្ទាតទៅបុកជាមួយកង់បីមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលអោយរងការខូចខាត ចំណែកឯអ្នកបើកបរនិងអ្នករួមដំណើរក្នុងកង់បី សរុបចំនួនបីនាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ជាច្រើនកង់។
សូមចុចអាន៖ សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា (មានវីដេអូ)

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចដែលបានប្រដេញតាមពីក្រោយ បានធ្វើការវាយខ្នោះបុរសរូបនោះ បញ្ជូនទៅអធិការដ្ឋាននគរបាលទាំងយប់ ដើម្បីធ្វើការសាកសួរ។ ចំណែកឯរថយន្តនិងម៉ូតូកង់បីដែលរងគ្រោះសមត្ថកិច្ចបានធ្វើការវាស់វែងរួចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

