ភ្នំពេញ ៖ កំណាត់ផ្លូវបេតុងមួយកន្លែង ចំណុចខាងមុខវត្តជន្លង់ម្លូ ក្នុងភូមិកប់ភ្លុក ជាប់នឹងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានសភាពកោងបត់ ហើយនៅជាប់ផ្លូវបេតុង ក៏មានស្រះទឹកធំហើយជ្រៅផងដែរ ប្រឈមគ្រោះថ្នាក់ដល់អ្នកបើកបរស្រវឹង អ្នកបើកបរល្បឿនលឿន មិនបានប្រុងប្រយ័ត្ន ។

តាមប្រជាពលរដ្ឋអ្នកភូមបានឱ្យដឹងថា ញឹកញាប់ហើយ កើតមានគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចខាងលើ ដោយសារការបើកបរខ្វះប្រុងប្រយ័ត្ន ស្រវឹង បើកបរលឿន ហើយក៏ធ្លាប់មានអ្នកស្រវឹងជិះម៉ូតូធ្លាក់ស្រះដោយខ្លួនឯងចំនួន២លើក ម៉ូតូបុកជាមួយម៉ូតូ ខ្ទាតធ្លាក់ចូលស្រះចំនួន១លើក ផងដែរ ។

ពលរដ្ឋបានឱ្យដឹងផងដែរ ស្រះទឹកខាងលើជាគរុភ័ណ្ឌរបស់វត្តជន្លង់ម្លូ កន្លងមកមានខឿន របងជុំវិញ ទំហំ៨០ម៉ែត្រx១០០ម៉ែត្រ ជម្រៅស្តាហើយ១៦ម៉ែត្រ ស្តុកទឹកសម្រាប់ពលរដ្ឋ ភូមិជុំវិញប្រើប្រាស់ លុះដោយមានកិច្ចអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល មានបណ្តាញទឹកស្អាត ផ្លូវថ្នល់ ក្នុងមូលដ្ឋាននោះ ក្នុងឆ្នាំ២០២០ ផ្លូវត្រូវបានពង្រីក ពីផ្លូវគ្រួសមកចាក់បេតុង ហើយការពង្រីកផ្លូវទៀតសោត ត្រង់ចំណុចខាងលើត្រូវបានឈូសឆាយ ប៉ះរបងស្រះទឹក ទើបមិនមានរបងមកដល់បច្ចុប្បន្ននេះ ។

ពលរដ្ឋបានលើកឡើងថា ផ្លូវចំណុចមុខវត្តខាងលើ មាសភាពកោងបត់ ហើយមានស្រះទឹកនៅជាប់ទៀត ជាបញ្ហាប្រឈមចំពោះអ្នកធ្វេសប្រហែស ក្នុងការបើកលឿន ស្រវឹងបបើកបរ ។ ពលរដ្ឋបន្តទៀតថា បើសិន ខាងណា វត្ត អាជ្ញាធរ សប្បុរសជនណាក្តី ជួយធ្វើរបង រនាំងសុវត្តិភាព តាមផ្លូវកោងមាត់ស្រះ ជាការការពារ កាន់តែមានសុវត្តិភាពផងដែរ ៕

អត្ថបទ៖តាតុងសែនជ័យ

