ហុងកុង៖ បណ្តាខេត្ត និងទីក្រុងភាគខាងត្បូងរបស់ប្រទេសចិន បានត្រៀមលក្ខណៈសម្រាប់ការមកដល់របស់ព្យុះទីហ្វុង Yagi ដោយបានបិទសាលារៀន និងពន្យារពេលជើងហោះហើរ ដែលរំពឹងទុករបស់វានឹងបោកបក់តាមបណ្តោយឆ្នេរសមុទ្រហៃណាន (Hainan) ដែលអាចជាព្យុះដ៏ខ្លាំងបំផុតដែលនឹងវាយប្រហារក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមចិន បាននិយាយនេះថ្ងៃព្រហស្បតិ៍ នេះថា ព្យុះទីហ្វុង Yagi បានបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយកាលពីយប់ថ្ងៃពុធ នេះ ហើយបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ៦១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃស្រុក Xuwen ទីក្រុង Zhanjiang ខេត្ត Guangdong។

ព្យុះទីហ្វុង Yagi ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿនពី ១០ ទៅ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់តំបន់ឆ្នេរភាគខាងត្បូងនៃខេត្ត Guangdong និងកោះ Hainan។ ព្យុះនេះក៏អាចបណ្ដាលឱ្យមានការបាក់ដីចាប់ពីបណ្ដោយឆ្នេរ Qionghai, Hainan ទៅឆ្នេរ Dianbai, Guangdong ចាប់​ពី​រសៀល​ដល់​យប់​ថ្ងៃ​ទី៦ ខែ​កញ្ញា ខាងមុនដ៏ខ្លីនេះ។

រថភ្លើង និងទូកទេសចរណ៍ ឬ នេសាទផ្សេងៗ បានផ្អាកប្រតិបត្តិការនៅកោះហៃណាន នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ខណៈដែលសាលារៀនជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសចិន រួមទាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងហុងកុង និងមជ្ឈមណ្ឌលលេងល្បែងម៉ាកាវត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ។

ជាមួយគ្នា ទីក្រុងហុងកុង បានប្រកាសថា ខ្លួននឹងពិចារណាចេញសញ្ញាព្រមានពីព្យុះទីហ្វុងដ៏ខ្លាំងបំផុតទី៣​របស់ខ្លួននៅរសៀលថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវឱ្យបិទអាជីវកម្មជាច្រើន និងកាត់បន្ថយការដឹកជញ្ជូននៅក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា រាល់ជើងហោះហើរទាំងក្នុង និងក្រៅប្រទេសពីអាកាសយានដ្ឋាន Haikou របស់កោះ Hainan នឹងត្រូវផ្អាកចាប់ពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់ រហូតដល់ពាក់កណ្តាលអធ្រាត្រ។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ២០២៣ ព្យុះទីហ្វុងចំនួន១០៦ បានបោកបក់នៅកោះហៃណាន ប៉ុន្តែមានតែ ៩ព្យុះប៉ុណ្ណោះ ដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងខ្លាំងក្លា៕

ប្រភព៖ CNA

Share.