ប្រទេស​ថៃ ទទួល​បាន​សិទ្ធ​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ ព្រឹត្តិការណ៍​ប្រកួតពាន​រង្វាន់បាល់​ទះ​ផ្នែក​នារី​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ដែល​មាន​ចំនួន ១៦ប្រទេសចូលរួម។

ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់បាល់ទះ​ផ្នែក​នារីជើងឯកកម្រិត​ពិភពលោក  FIVB Volleyball Women’s World Championship ឆ្នាំ២០២៥ ដែល​ថៃ​ធ្វើ​ជាម្ចាស់​ផ្ទះ នឹង​ក្លាយជាការប្រកួតលើកទី២០ ដែល​ជា​ការ​ប្រកួត​ប្រជែងដោយមានការចូលរួមពីក្រុមបាល់ទះជម្រើសជាតិនារី នៃស​មាជិក​នៃ​សហព័ន្ធ​កីឡា​បាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក។

សម្រាប់ប្រទេសទាំង ១៦ដែលបាន កក់​កៅអីត្រៀម​ចូលរួម​ការប្រកួត​ជុំផ្តាច់ព្រ័ត្រពាន​រង្វាន់​បាល់​ទះ​ផ្នែកនារី ជើងឯកកម្រិត​ពិភពលោក 2025 FIVB Volleyball Women’s World Championship រួមមាន៖ ម្ចាស់ផ្ទះថៃ, ស៊ែប៊ី, ប្រេស៊ីល, អាហ្សង់ទីន, កូឡុំប៊ី, កេនយ៉ា, អេហ្ស៊ីប, កាមេរូន, តួកគី, ហូឡង់, អ៊ីតាលី, សាធារណ:រដ្ឋដូមីនីកេន, អាមេរិក, កាណាដា, ចិន និងជប៉ុន។

ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់បាល់ទះ​ផ្នែក​នារីជើងឯកកម្រិត​ពិភពលោក ដ៏​ធំប្រចាំឆ្នាំ​មួយ​នេះ គ្រោង​​នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា នឹង​បញ្ចប់​នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

រំលឹកថា សម្រាប់​ជើងឯក​ពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក ឆ្នាំ២០២២ ដែលសហការ​រៀបចំរវាង ២ប្រទេស ហូឡង់ និងប៉ូឡូញ ​បានទៅលើក្រុមនារីជម្រើសជាតិស៊ែប៊ី ក្រោយ​យក​ឈ្នះ​ប្រេស៊ីល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់​ថ្នាក់​លេខ៣ បាន​ទៅលើកអ៊ីតាលី លេខ៤ សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិត​ពិភពលោក FIVB Volleyball Women’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៥២ ដោយ​ធ្វើ​ឡើង​ចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះមេដាយមាសចំនួន ៥លើក ជប៉ុន និងគុយបា ចំនួន ៣លើក ចិន រុស្សី និងស៊ែប៊ី ចំនួន ២លើក អាមេរិក និងអ៊ីតាលី ចំនួន ១លើក៕

Share.