ក្រុមបាល់ទាត់នារីវិសាខា បានបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងជំនួបសប្ដាហ៍ទី៣ និងរក្សាសំណាញ់ទីមិនឱ្យកូប្រកួតស៊ុតចូលសម្បី ១គ្រាប់ គិតត្រឹម ៣ប្រកួតនៅដើមរដូវកាលថ្មី នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ។

ដោយឆ្លងកាត់ ៣ប្រកួតរួចមក ក្រុមបាល់ទាត់នារីវិសាខា បានយកឈ្នះទាំង ៣ប្រកួត ដោយឈ្នះក្រុមបាល់ទាត់នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុងលទ្ធផល ១៧-០ ឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ និងបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងលទញធផល ៧-០ ដោយមិនរបូតគ្រាប់ ១គ្រាប់ (Clean Sheets)។
ត្រឹមសប្ដាហ៍ទី៣ ក្រុមបាល់ទាត់នារីវិសាខា ឈរកំពូលតារាងជាប់គ្នា និងស៊ុតបញ្ជូលទីបាន ៤២គ្រាប់ និងមាន ៩ពិន្ទុពេញ។ ខណ:សមាគមបាល់ទាត់ មីស្ទើរលេង សលត៍ ខេត្តបាត់ដំបង និងមន្ទីរ អយក ខេត្តកំពង់ឆ្នាំង មិនរកបានជ័យជម្នះឡើយ។

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


