នៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២៤ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើជនជាតិចិន២នាក់ ពីបទ ឃាតកម្មគិតទុកជាមុន, ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។


ប្រតិបត្តិការកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ពន្ធករណីឃាតកម្មចំនួន២នាក់ ដែលសុទ្ធតែជនជាតិចិន ក្នុងនោះមានម្នាក់ឈ្មោះ ចាវ វឹនស៊ីង (ZHAO WENXING) ភេទប្រុស អាយុ ៤០ ឆ្នាំ និងម្នាក់ឈ្មោះ ហ្សី វ៉ីហួ (SHI WEIHUA) ភេទប្រុស អាយុ៣៨ ឆ្នាំ ស្ថិតនៅចំណុចអូរឈើទាល ក្នុងភូមិសាស្រ្ដភូមិកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ថា ករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។
គួររំលឹកថា គេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 ដែលជារថយន្ដខ្មាន់កាំភ្លើង បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BF-8168។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ៕

