ស្ទឹងត្រែង៖ ជនជាតិវៀតណាម២នាក់ត្រូវបាន កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រចាំព្រំដែនកម្ពុជា-ឡាវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មួយគ្រឿងមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រទះឃើញម្សៅពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តក្រុងចំណុះ ៤៥កៅអីមួយគ្រឿង ពាក់ស្លាកលេខឡាវ 7979ដឹកអ្នកដំណើរ ពីប្រទេសឡាវ មកប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកឃើញមានផ្ទុកម្សៅពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ។
វត្ថុតាងធ្វើការចាប់យកបានរួមមាន ២៧ដុំធំ ជាប្រភេទពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី), ១០ដុំធំ ជាប្រភេទម្សៅសង្ស័យ ជាសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងពណ៌សថ្លា ១កញ្ចប់តូច។ ក្នុងការត្រួតពិនិត្យនេះដែរ ក៏បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ផងដែរ។
ក្រោយពីមានការសង្ស័យកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធី។
ពាក់ព័ន្ធករណីខាងលើនេះដែរសារធាតុញៀននៅមិនទាន់បានដឹងថាចំនួនសរុបប៉ុន្មាននោះ រង់ចាំសមត្ថកិច្ចជំនាញបន្តនីតិវិធីនៅពេលក្រោយ៕




