អាត្លង់តា៖ ក្មេងប្រុសជាសិស្សអាយុ ១៤ឆ្នាំម្នាក់បានសម្លាប់សិស្ស ២នាក់ និងគ្រូបង្រៀន ២នាក់ ថែមទាំងបានបណ្ដាលឱ្យមនុស្ស ៩នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយនៅក្នុងរដ្ឋ Georgia កាលពីថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ដែលធ្វើអោយសហរដ្ឋអាមេរិកមានការបាញ់ប្រហារដ៏ធំជាលើកដំបូងចាប់តាំងពីដើមឆ្នាំសិក្សាមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យខាងលើធ្លាប់ត្រូវបាន FBI សួរចម្លើយកាលពីឆ្នាំមុន ជុំវិញការបង្ហោះសារគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអំពីបំណងចង់បាញ់សម្លាប់មនុស្សនៅសាលារៀននោះ ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ បន្ទាប់ពីបើកការបាញ់ប្រហារនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋ Georgia។

លោក Chris Hosey នាយកការិយាល័យស៊ើបអង្កេតរដ្ឋ Georgia បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជនសង្ស័យមានឈ្មោះ Colt Gray អាយុ ១៤ឆ្នាំ ជាសិស្សនៅសាលារៀនកើតហេតុខាងលើ ហើយត្រូវបានឃុំខ្លួន នឹងត្រូវបានចោទប្រកាន់ និងកាត់ទោសដូចជាជាមនុស្សពេញវ័យ។

ក្នុងចម្លើយសារភាពជាមួយប៉ូលីស ជនសង្ស័យមិនបាននិយាយពីមូលហេតុដែលជំរុញឱ្យមានការបាញ់ប្រហារនេះទេ ហើយក៏មិនបានបញ្ជាក់ថា កាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារនោះជាប្រភេទម៉ាកអ្វីដែរ។

ដោយឡែកបើតាមប៉ូលិសអាមេរិក បានឱ្យដឹងទៀតថា ជនសង្ស័យជាខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងវែងមួយដើម និងធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង ប៉ុន្តែមិនបានបង្ហើបឱ្យដឹងថា តើហេតុអ្វី បានជារូបគេបាញ់សម្លាប់មនុស្សនោះទេ។

យ៉ាងណាម៉ិញ ការបាញ់ប្រហារនៅសហរដ្ឋអាមេរិកកាន់តែច្រើន បានធ្វើឱ្យមានការជជែកវែកញែកថ្នាក់ជាតិ អំពីការគ្រប់គ្រងអាវុធ និងបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងផងដែរ៕

ប្រភព៖ CNA

Share.