លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី៥ ខែកញ្ញា នេះ បានដឹកនាំដោយផ្ទាល់ប្រតិភូនៃសមាគម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង គង់ សំអុល ដែលកំពុងតម្កល់ធ្វើបុណ្យឧទ្ទិសកុសលតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន បានសម្ដែងនូវសមានចិត្ត ក៏ដូចជាមនោសញ្ចេតនាអាលោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល និងក្រុមគ្រួសារ នូវការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង ព្រោះជាការបាត់បង់នូវឧត្តមស្វាមីជាទីស្រឡាញ់ និងឪពុកជាទីគោរពប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាបាត់បង់នូវឥស្សរជនថ្នាក់ជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលានិងប្រជ្ញាស្មារតីពេញមួយជីវិត ចូលរួមក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមបម្រើជាតិ សាសនា និងអង្គព្រះមហាក្សត្រ។

នៅក្នុងឱកាសនោះដែរ គេឃើញមានសិល្បករ-សិល្បការិនីជាច្រើនដួង ដែលអមដំណើរទៅជាមួយមានដូចជា កញ្ញា ស៊ីន យូប៊ីន អ្នកនាង ខៀវ សានសាណា លោក សុខ រ៉ាស៊ី លោក សុវណ្ណ មករា លោក អ៊ូ ប៊ុណ្ណារ៉ាត់ (ហៅនាយក្រឹម) និង ភរិយា អ្នកនាង យុគ ចិន្តា អ្នកនាង គង់ សុជាតិ (ពិធីការិនី) និងលោក ចាប ចៀន ជាដើម៕





