ភ្នំពេញ៖ លោកម៉ៃ សុគន្ធ ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមភ្លាម ក្រោយពីបើករថយន្តគេចចេញពីគោលដៅត្រួតពិនិត្យ ចរាចរណ៍របស់សមត្ថកិច្ច រហូតដល់សង្កាត់ទឹកថ្លា ហើយបុករះម៉ូតូកង់បីចំនួនពីរគ្រឿងនិងទ្រូងផ្លូវបាក់អស់ជាច្រើនកង់ កាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BW-6802 ធ្វើដំណើរចូលមកក្នុងគោលដៅត្រួតពិនិត្យចរាចរណ៍ មិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសរូបនោះបានព្យាយាមបើករថយន្ដរត់គេច ទើបកម្លាំងសមត្ថកិច្ចយករថយន្តស៊ីរ៉ែនដេញតាមពីក្រោយ ហើយបុរសរូបនោះព្យាយាមបើករត់គេចរហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីក៏បុកជាមួយកង់បីមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1FS-6768 ដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខ ហើយកង់បីនោះក៏បានខ្ទាតទៅបុកជាមួយកង់បីមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលអោយរងការខូចខាត ចំណែកឯអ្នកបើកបរនិងអ្នករួមដំណើរក្នុងកង់បី សរុបចំនួនបីនាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ជាច្រើនកង់។

តាមសេចក្តីជូនដំណឹងរបស់សមត្ថកិច្ចបន្ថែមថា មូលហេតុនៃការគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦០mg/Lខ្យល់។ បច្ចុប្បន្នអ្នកបើកបរបង្ក និងរថយន្តល្មើស សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុ លោក ម៉ៃ សុគន្ធ ក៏បានផ្ញើសារ ជាវីដេអូនៅលើបណ្តាញសង្គម សូមបងប្អូន យុវ័យទាំងអស់ កុំយកគំរូអាក្រក់តាមខ្ញុំ សូមពុកម៉ែបងប្អូន ចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ត្រូវគោរពបងៗសមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍តាមគ្រប់គោលដៅទាំងអស់ ហើយ ក៏សូមទោសដល់បងៗសមត្តកិច្ច នៅខ័ណ្ឌ យប់ មិញផងដែរ៕

