នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:១០នាទី នៅចំណុចមុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6802  បើកបរដោយឈ្មោះម៉ៃ សុគន្ធ ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅភូមិភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅផ្លូវសម្តេចជាស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅត្រួតពិនិត្យក្នុងគោលបំណងគេចវេស ទើបសមត្ថកិច្ចនៅគោលដៅដេញពីក្រោយរថយន្តល្មើស ក្នុងទិសដៅពីលិចទៅកើត រហូតដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរល្មើសជ្រុលទៅបុក ម៉ូតូកង់៣ មួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា និងជ្រុលទៅបុកម៉ូតូកង់៣ មួយគ្រឿងទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរ ត្រីចក្រយាន រងរបួសស្រាល ចំនួន២នាក់ ហើយរថយន្តក៏បានជ្រុលទៅបុករបាំថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខូចអស់៣កំណាត់ទៀត ទើបរចយន្តអស់ល្បឿន។

សមត្ថកិច្ចបញ្ជាក់បនន្ថែមថា មូលហេតុនៃការគ្រោះថ្នាក់នេះ គឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសមកពីខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល០,៦ មីលីក្រាមក្នុង១លីត្រខ្យល់។

បច្ចុប្បន្ន លោកម៉ៃ សុគន្ធ ដែលជាអ្នកបើកបរ និងរថយន្តល្មើស ត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕

Share.