
ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្ស និងសិក្ខាកាមមេធាវី នៃគណៈមេធាវីកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ហេតុដែលសម្ដេចសម្រេចឲ្យបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន មិនមែនរដ្ឋអស់ថវិកាសម្រាប់អភិវឌ្ឍន៍ជាតិនោះទេ ប៉ុន្តែតាមរយៈមូលនិធិនេះ បានបើកឱកាសឲ្យប្រជាពលរដ្ឋទូទៅបានសម្ដែងនៅទឹកចិត្តស្នេហាជាតិ តាមឆន្ទៈ និងលទ្ធភាពរបស់ខ្លួន។ បើទោះបីជា ក្នុងចំនួនតិច ឬច្រើនក្ដីវាមិនសំខាន់នោះទេ ព្រោះវាគ្រាន់តែជាចំនួននៃលទ្ធភាពដែលអាចបរិច្ចាគបាន អ្វីដែលសំខាន់គឺទឹកចិត្ត និងស្មារតីចូលរួមកសាងជាតិ ដែលមិនអាចកាត់ថ្លៃបាន។
តាមរយៈការចូលរួមយ៉ាងផុលផុស ក៏បញ្ជាក់ផងដែរ អំពីចលនាជាតិនិយមពិតប្រាកដ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍ ដោយរក្សាបាននូវសន្តិភាព ឯករាជ្យ ធិបតេយ្យ និងបូរណភាពទឹកដី។
សម្ដេចធិបតី មានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវក្រវាត់ព្រំដែន ដែលត្រូវធ្វើ មកទល់ពេលនេះមានប្រវែងជាង ២ ៦៦០ គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ សម្រេចបានប្រមាណជាង ១ ៣០០ គីឡូម៉ែត្រហើយ ពោលស្មើនឹង៥០% ។ សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា នៅសល់ជាងពាក់កណ្ដាលទៀត កាលពីចុងខែកក្កដា ឆ្នាំ ២០២៤នេះ សម្ដេចបានចុះហត្ថលេខាអនុម័តកញ្ចប់ថវិកា ប្រមាណជាង ២០០ លានដុល្លារ សម្រាប់បន្តគម្រោងកសាងផ្លូវក្រវាត់ព្រំដែននេះរហូតបញ្ចប់ជាស្ថាពរ។
សម្ដេចធិបតី ក៏បានបង្ហាញពីចំនួនអ្នកដែលចូលរួមបរិច្ចាគចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលមានចន្លោះពី ១៣ ០០០ ទៅ ១៧ ០០០ នាក់ក្នុងមួយថ្ងៃៗ ហើយនៅតែបន្តបរិច្ចាគចូលជាហូរហែមិនដាច់៕

អត្ថបទ៖ ឈិន ធារ៉ាត់

