ភ្នំពេញ ៖ ប្រឡាយមេមួយខ្សែ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេញដោយសំរាម បង្កឱ្យស្ទះចរន្តទឹកហូរ នាំឱ្យឈានដល់ទឹកជន់លិច ពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

ប្រឡាយមេចំណុចខាងលើ ជាប្រឡាយបង្ហូររំដោះទឹក ចេញពីតំបន់ផ្លូវជាតិលេខ៣ ហូរចាក់ឆ្ពោះទៅស្ពានដែក ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ តែដោយកង្វះការពិនិត្យ ថែទាំ បច្ចុប្បន្ន កំណាត់នៃប្រឡាយត្រង់ចំណុចខាងលើ ពោរពេញដោយសំរាម ជាបញ្ហាមួយបង្កឱ្យស្ទះចរន្តទឹកហូរ នាំឱ្យប្រឈមទឹកជន់លិច ផ្លូវ ភូមិ ពេលដែលមានភ្លៀងធ្លាក់ម្តងៗ និងប៉ះពាល់ដល់បរិស្ថានក្នុងមូលដ្ឋាន ។

បើតាមការលើកឡើងរបស់ពលរដ្ឋបានឱ្យដឹងថា គោលដៅដាក់ធុងសំរាម មានតាមផ្ទះ តាមដងផ្លូវ ដែរ ក៏ប៉ុន្តែមានបុគ្គលមួយចំនួនតូច ពិសេសក្រុមអ្នកលក់ដូរតាមម៉ូតូ តាមរទេះ ចេះតែបោះគ្រវែងសំរាម កាកសំណល់ផ្សេងៗ តាមចិញ្ចើមផ្លូវ ប៉ើងធ្លាក់ចូលក្នុងប្រឡាយ ។

បងប្អូនប្រជាពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ កែសម្រួល ឬមានវិធានការបែបណា ដើម្បីឱ្យបរិស្ថានស្អាតក្នុងមូលដ្ឋាន ថ្វីដ្បិតតែមានការចូលរួមពីយើងទាំងអស់គ្នាពិតមែន តែបុគ្គលមួយចំនួនតូចគាត់មិនបានចូលរួមផងនោះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.