
«តើពេលណាទៀត ដែលយើងត្រូវប្រើកម្លាំងកងទ័ពទៅល្បាតព្រំដែន? យើងមិនអាចធ្វើអ៊ីចឹងរហូតទេ» ។ នេះជាឃ្លាមួយនៃប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិស្ស និងសិក្ខាកាមមេធាវី នៃគណៈមេធាវីកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សម្ដេចបន្តប្រសាសន៍ថា យើងត្រូវប្រើប្រជាពលរដ្ឋធ្វើជារបងព្រំដែន ទើបមានចិរភាព សហប្រតិបត្តិការយូរអង្វែង។ យើងត្រូវការកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រជាពលរដ្ឋ ប្រឆាំងបទល្មើស និងធ្វើការសម្របសម្រួលការងារផ្សេងៗ ប៉ុន្តែប្រជាពលរដ្ឋនៅតាមព្រំដែន គឺមានតួនាទីជួយធ្វើជារបងព្រំដែនរស់របស់ជាតិ នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។

ដូចនេះហើយ ទើបសម្ដេចនាយករដ្ឋមន្ត្រីលើកឡើងពីគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយចាប់ផ្ដើមពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្ដោតសំខាន់ទៅលើការតភ្ជាប់គមនាគមន៍ ស្ពាន និងថ្នល់ ព្រមទាំងថាមពលនៅតាមបណ្ដោយព្រំដែន ឲ្យមានលក្ខណៈជាប្រព័ន្ធប្រៀបបាននឹងសរសៃឈាម ហើយជំហានបន្ទាប់គឺហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យតម្រូវការសង្គមដូចជាសាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាលជាដើម ធ្វើយ៉ាងណាធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមរមនា។
បច្ចុប្បន្នផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវគោលមានប្រវែងជាង ២ ៦៦០ គីឡូម៉ែត្រ សម្រេចបានប្រមាណជាង ១ ៣០០ គីឡូម៉ែត្រហើយ ស្មើនឹង៥០% ។ សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កាលពីចុងខែកក្កដា ឆ្នាំ ២០២៤នេះ សម្ដេចបានចុះហត្ថលេខាអនុម័តកញ្ចប់ថវិកា ប្រមាណជាង ២០០ លានដុល្លារ សម្រាប់បន្តគម្រោងកសាងផ្លូវក្រវាត់ព្រំដែននេះរហូតបញ្ចប់ជាស្ថាពរក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕
អត្ថបទ៖ ឈិន ធារ៉ាត់

