ក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា មេរោគរាប់សិបប្រភេទត្រូវបានគេរកឃើញថា កំពុងបំប្លែងបញ្ចូលគ្នានៅក្នុងសត្វនានា នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្នុងប្រទេសចិន ដែលមួយចំនួន គឺប្រភេទមេរោគថ្មី និងមានសក្តានុពលអាចឆ្លងដល់មនុស្សថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។

ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩ មក អ្នកវិទ្យាសាស្ត្របានព្រមានថា ការចិញ្ចឹមថនិកសត្វ ដូចជា សត្វសំពោច ដែលរោមរបស់ពួកវាអាចធ្វើឱ្យវាងាយស្រួលឆ្លងមេរោគថ្មីៗពីព្រៃ និងបង្កឱ្យមានការផ្ទុះឡើងនូវប្រភេទមេរោគថ្មីៗ។

អ្នកឯកទេសខាងមេរោគអេដស៍ លោក Edward Holmes ដែលបានដឹកនាំការស្រាវជ្រាវលើវីរុសកូវីដ១៩ បានប្រាប់ AFP ថា «លោកមានអារម្មណ៍ថា ឧស្សាហកម្មចិញ្ចឹមសត្វជាសកល គឺជាវិធីមួយដែលអាចបើកផ្លូវឱ្យជំងឺរាតត្បាតថ្មីនឹងចាប់ផ្តើមបន្ដ»។ លោក​បាន​បន្ថែម​ថា​៖ «សម្រាប់លោក​ផ្ទាល់ លោក​គិត​ថា​ ឧស្សាហកម្ម​ចិញ្ចឹម​សត្វ​ជា​សកល​គួរ​តែ​ត្រូវ​បាន​បិទ​»។

លោក Holmes គឺជាអ្នកដឹកនាំការស្រាវជ្រាវលើកូវីដ១៩ ដែលសិក្សាថ្មីទៅលើគ្រោះថ្នាក់ដែលអាចបង្កឡើងដោយមេរោគនៅក្នុងកសិដ្ឋានសត្វនៅក្នុងប្រទេសចិន ដែលករណីដំបូងនៃជំងឺកូវីដ-១៩ បានកើតឡើងនៅចុងឆ្នាំ២០១៩។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយប្រទេសចិន បានយកហ្សែនពីសំណាកសួត និងពោះវៀនរបស់សត្វចំនួន ៤៦១ក្បាល ដូចជា សត្វសំពោច ទន្សាយ កញ្ជ្រោង និងសុនខ ប្រភេទសំពោច (raccoon) ដែលបានងាប់ដោយសារជំងឺនៅទូទាំងប្រទេសចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៤ មកពិនិត្យដែលភាគច្រើនមកពីកសិដ្ឋានចិញ្ចឹមសត្វ ខ្លះសម្រាប់ធ្វើជាអាហារ ឬឱសថបុរាណ ខណៈប្រហែល ៥០ក្បាលជាសត្វព្រៃ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគចំនួន ១២៥ប្រភេទ រួមទាំងមេរោគថ្មីចំនួន ៣៦ប្រភេទ នេះបើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Nature។ ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថា វីរុសចំនួន ៣៩ប្រភេទមាន «ហានិភ័យខ្ពស់» នៃការចម្លងពីសត្វទៅសត្វ រួមទាំងមនុស្សផងដែរ។

ការស្រាវជ្រាវបានបង្ហាញថា មេរោគមួយចំនួនដូចជា ដូចជា ជំងឺរលាកថ្លើមប្រភេទ E និងជំងឺរលាកខួរក្បាលជប៉ុន បានរីករាលដាលដល់មនុស្សរួចហើយ ប៉ុន្តែ ១៣ប្រភេទ ជាប្រភេទថ្មី ។

ទន្ទឹមនោះ ជំងឺគ្រុនផ្តាសាយបក្សីជាច្រើនប្រភេទ ក៏ត្រូវបានរកឃើញនៅក្នុងកណ្ដុរបារាំង សំពោច និងប្រភេទសត្វកណ្ដុរ muskrats ផងដែរ ហើយមេរោគឆ្លងចំនួន ៧ប្រភេទ ក៏ត្រូវបានគេប្រទះឃើញផងដែរ ទោះបីជាមិនមានទំនាក់ទំនងជិតស្និទ្ធនឹងមេរោគ SARS-CoV-2 ដែលបណ្តាលឱ្យកើតកូវីដ១៩ ក៏ដោយ។

យ៉ាងណាម៉ិញ មេរោគដែលគេមិនស្គាល់រាប់ពាន់ប្រភេទ ត្រូវបានគេជឿថា កំពុងចរាចរក្នុងចំណោមសត្វព្រៃ ខណៈអ្នកវិទ្យាសាស្ត្របារម្ភថា កសិដ្ឋាន​ចិញ្ចឹមសត្វអាចបណ្ដាលឱ្យមានការឆ្លងមេរោគបែបនេះ និងអាចធ្វើឱ្យមនុស្សអាចឆ្លងមេរោគបាន ខណៈការសន្និដ្ឋានពីការចិញ្ចឹមសត្វ គឺជាមូលហេតុខ្ពស់បំផុតពីប្រភពដើមនៃមេរោគកូវីដ១៩ ដែលត្រូវបានសន្និដ្ឋានថា ត្រូវបានឆ្លងពីសត្វប្រចៀវ បន្ទាប់មកឆ្លងទៅមនុស្សក្នុងអំឡុងពេលជួញដូរសត្វព្រៃ៕

ប្រភព៖ CNA

Share.