កំពង់ចាម៖ កម្លាំងសរុបរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការការចុះបង្ក្រាបបទល្មើសនេសាទ មួយថ្ងៃពេញគឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុង៣ឃុំ នៃស្រុកជើងព្រៃ និង១ឃុំទៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ជាលទ្ធផល សម្រេចបាន៤ករណី ដោយរឹបអូសបានវត្ថុតាង រួមមាន. ឧបករណ៍លូស្បៃមុង របាំងស្បៃមុង បង្គោលចម្រឹង  និងចាក់លែងកូនត្រីចូលបឹងធម្មជាតិរាប់លានក្បាល។

ឯកឧត្តម ទឹម បូរក្ស បានឲ្យដឹងថា ខណ្ឌរដ្ឋបាលការដឹកនាំបង្ក្រាបយើងមាន កម្លាំងជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ  អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម  និងអាជ្ញាធរស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ៤ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើត។

ចំពោះវត្ថុតាងល្មើសដែលកម្លាំងសមត្ថកិច្ចបង្រ្កាបមានដូចជា៖ លូស្បៃមុងចំនួន ៦៧មាត់ របាំងស្បៃមុងប្រវែង ៤២៥ម៉ែត្រ បង្គោលចម្រឹងចំនួន ១១៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥៣គីឡូក្រាម នៅចំណុចទាំង៤ឃុំ នៅទំនប់ចំានាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។


 ឯកឧត្ដមទឹម បូរក្ស បានសំនូមពរដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយឧប្បករណ៍ខុសច្បាប់ដែលនាំអោយវិនាសហិនហោចធនធានមច្ឆាជាតិដែលជាអាយុជីវិតយើងទាំងអស់គ្នា ៕

អត្ថបទ៖អាចារ្យលាក់

Share.