ឆ្លងកាត់ការប្រជុំជាច្រើនលើកច្រើនសា និងមានទាំងការតឹងសរសៃ-ក ដាក់គ្នាផង ក្រោមការសម្របសម្រួលពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីតំណាងឲ្យកម្មករនិយោជិត យល់ព្រមទម្លាក់សំណើដំឡើងប្រាក់ឈ្នួលអប្បបរមា ពី១៤ដុល្លារ មកនៅត្រឹម១០ដុល្លារ។ ចំណែកឯភាគីតំណាងឲ្យនិយោជក (ថៅកែ) បានយល់ព្រមដំឡើង២ដុល្លារសម្រាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៥។

ទោះជាយ៉ាងណា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ហាក់មានភាពល្អប្រសើរជាងលើកមុន ដោយភាគីតំណាងឲ្យកម្មករនិយោជិត និងភាគីតំណាងឲ្យនិយោជក (ថៅកែ) ហាក់បង្ខិតតួលេខប្រាក់ឈ្នួលអប្បបរមាឲ្យកាន់តែមកនៅកៀកគ្នា។ យ៉ាងណាក៏ដោយ គម្លាតនៃតួលេខនេះ នៅតែមិនទាន់អាចឲ្យភាគីទាំង២ ឯកភាពគ្នានៅឡើយ ហើយត្រូវបន្តជជែកគ្នាមិនដឹងប៉ុន្មានដងទៀតនោះទេ។ ប៉ុន្តែឯកឧត្ដម ហេង សួ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថា យន្តការសម្របសម្រួល ដើម្បីឈានទៅរកការសម្រេចជារួមមួយ ដែលត្រូវទទួលយកបានទាំងគ្នា នឹងត្រូវបិទបញ្ចប់នៅមុនពេលភ្ជុំបិណ្ឌមកដល់។



សូមរំឭកថា កាលពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ភាគីតំណាងឲ្យកម្មករនិយោជិតស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា ១៤ ដុល្លារ ចំណែកភាគីតំណាងនិយោជិត (ថៅកែ) ស្នើដំឡើងត្រឹម ១ ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបច្ចុប្បន្ននៅខ្ទង់ ២០៤ ដុល្លារ៕
អត្ថបទ៖ ឈិន ធារ៉ាត់

