ភ្នំពេញ ៖ មុខរបរម្នាក់ជាអ្នកប្រកបរបរដឹកដីលក់ បន្ទាប់ចេញពីដកលុយធនាគារបានហើយ កំពុងធ្វើដំណើរតាមផ្លូវ ចៃដន្យជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង ដួលខ្ទាតធ្លាក់ចូលប្រឡាយ បណ្តាលឱ្យរងរបួសធ្ងន់ ស្រាប់តែមានជនឆ្លៀតឱកាសគ្នា២នាក់ បន្លំលូកហោប៉ាវដកថង់លុយចំនួន១មុឺនដុល្លារ ហើយនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សោម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ថៅកែរថយន្តដឹកដី មានទីលំនៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានស្រុកកំណើត សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជនរងគ្រោះបាត់បង់លុយអស់ចំនួន១មុឺនដុល្លា នេះបើតាមការអះអាង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមកដកលុយធនាគារចំនួន១មុឺនដុល្លារ ថ្លៃដឹកដី ចាក់ដី បានហើយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9337 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង ដួលខ្ទាតធ្លាក់ចូលក្នុងប្រឡាយ រងរបួសធ្ងន់ ផ្អើលប្រជាពលរដ្ឋ ជួយស្រង់ឡើងគោក ឆ្លៀតក្នុងឱកាសនោះ មានជនសង្ស័យ២នាក់ បន្លំលូកហោប៉ាវខោ យកថង់លុយ នាំគ្នាឡើងជិះម៉ូតូគេចខ្លួនទៅបាត់ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា លុយចំនួន១មុឺនដុល្លារ ថ្លៃចាក់ដី ទើបដកចេញពីធនាគារ ត្រូវបានជនឆ្លៀតឱកាសលួចយកទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ រងរបួសធ្ងន់ហើយ បាត់លុយអស់ទៀត ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំពោះការបាត់បង់លុយយ៉ាងណានោះ សមត្ថកិច្ចចាំទទួលពាក្យបណ្តឹងតាមក្រោយ និងបន្តធ្វើការស្រាវជ្រាវ ៕
