សិល្បៈជាតិ​៖ អ្នកនាង ម៉ន ថារ័ត្ន ដែលជាអតីតពិធីការិនីល្បីឈ្មោះ និងជាម្ចាស់តំណែងនិងមកុដលំដាប់រងទី៣ នៃកម្មវិធី Queen of Beauty World ឆ្នាំ ២០១៩ បានដឹកនាំក្រុមតារាសិល្បៈ និងអ្នកធរុកិច្ចមួយចំនួន ចេញទៅទស្សនកិច្ច ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងគម្រោងថតឈុតបុរាណខ្មែរនៅលើភ្នំទឹកកកហ្វូជី ប្រទេសជប៉ុន ដែលបានចេញដំណើរនារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ។

ការចេញដំណើរលក្ខណៈជាក្រុមមានមនុស្សចំនួន ២៣ នាក់ក្នុងរយៈពេលខ្លីលើកនេះ គឺទទួលបានការចេញថ្លៃសំបុត្រយន្តពីលោកស្រី គ្រុយ រដ្ឋា ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ ដោយមានការនាំយកនូវទម្រង់សំលៀកបំពាក់ ហូលខ្មែរ ក្រមាខ្មែរ ឈុតប្រពៃណីខ្មែរ និងទង់ជាតិដែលបង្ហាញពីអត្តសញ្ញាណខ្មែរនៅក្នុងថ្ងៃចេញដំណើរតែម្ដង។

គួររំលឹកដែរថា កន្លងមកមហាជនគ្រប់គ្នាបានស្ញើចសរសើរកញ្ញា កូនអាន ដែលបាននាំឈុតអប្សរាចេញទៅថតនៅលើភ្នំទឹកកកប្រទេសនូវែលហ្សេឡង់ ដែលសកម្មភាពមួយនេះបានជំរុញឱ្យកូនខ្មែរដ៏ទៃផ្សេងទៀតដែលមានសមត្ថភាព និងធនធាន ផុសឡើងនូវគំនិតចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅតាមតំបន់ទេសចរណ៍សំខាន់ៗនៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។ ការចូលរួមចំណែកនេះត្រូវបានមហាជនចាត់ទុកថា ជាសកម្មភាពគំរូ និងប្រសើរសម្រាប់សង្គមជាតិ។

សូមជម្រាបបន្ថែមថា ភ្នំហ្វឹជី គឺជាភ្នំខ្ពស់ជាងគេក្នុង ប្រទេសជប៉ុន មានកំពស់ ៣៧៧៦ ម៉ែត្រ។ វាជាភ្នំដែលមានបន្ទុះភ្នំភ្លើងយ៉ាងសកម្ម ដែលមានផ្ទុះឡើងចុងក្រោយ នៅឆ្នាំ ១៧០៧-០៨។ ភ្នំនេះមានទីតាំងស្ថិតនៅ អាណាខេត្ត ស៊ីស្ស៊ឹអុកា និង អាណាខេត្ត យ៉ាម៉ាណាស៊ី ភាគខាងលិច ទីក្រុង តូក្យូ៕

Share.