សិល្បៈជាតិ៖ តារាសម្ដែងស្រី អេង វ៉ាណង បានបង្ហាញជាថ្មីម្ដងទៀតនៅថ្ងៃសម្ពោធភាពយន្ត «ផ្ទះព្រាយកន្លង» ដោយមើលទៅសភាពសុខភាពរបស់អ្នកនាងហាក់ប្រសើរឡើងច្រើនជាងមុនហើយ។ វិលមកលើកនេះ អ្នកនាងមើលទៅដូចជាសះស្បើយសឹង ១០០ ភាគរយ និងទទូចសុំការងារសិល្បៈពីបណ្ដាផលិតករ។

ជាមួយគ្នានេះ អ្នកនាងបានប្រឹងតស៊ូប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺមហារីកសុដនអស់រយៈពេលជិត២ឆ្នាំ ទើបតែពេលថ្មីៗនេះអ្នកនាងប្រកាសថា មានឱកាសបានចេញមកប្រកបអាជីពសិល្បៈសម្ដែងឡើងវិញ ដោយអ្នកនាងបញ្ជាក់ថា សុខភាពរបស់ខ្លួនបានប្រសើរឡើងនៅពេលដែលបានចាក់គីមី និងបាញ់កាំរស្មីទៅតាមការកំណត់របស់គ្រូពេទ្យនៅប្រទេសថៃ។
គួររំលឹកដែរថា ការព្យាបាលជំងឺមហារីកសុដនដ៏គួរឱ្យខ្លាចបំផុតនេះ អ្នកនាង អេង វ៉ាណង បានទទួលជំនួយជួយជាថវិកាពីសំណាក់សប្បុរជនទាំងអ្នកក្នុងនិងក្រៅសិល្បៈ សមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ រហូតទទួលបានការព្យាបាលតាមតំណាក់។ យ៉ាងណាមិញ ទើបបើជាសះស្បើយសឹង ១០០ ភាគរយក៏ពិតមែន ប៉ុន្តែតារាសម្ដែងស្រីរូបនេះ ក៏ត្រូវបន្តតាមដានសុខភាពតាមការណាត់ជួបរបស់គ្រូពេទ្យ និងបន្តការរស់នៅស្អាតនិងទទួនទានស្អាតជៀសវាងការទទួលទានគ្រឿងផ្អាប់និងគ្រឿងប្រៃជាដើម ។


សូមជម្រាបថា តារាសម្ដែងស្រី អេង វ៉ាណង បានអំពាវនាវដល់ផលិតករក្នុងចង្កោមសិល្បៈទាំងមេត្តាផ្ដល់ការងារថតភាពយន្ត ឬថតផ្សព្វផ្សាយផលិតផលផ្សេងដល់អ្នកនាងផង ដើម្បីបានកំរៃចិញ្ចឹមគ្រួសារ។ អតីតបវរកញ្ញាឯកសាប៊ូលុចឆ្នាំ ២០០៧ រូបនេះ ក្រៅពីមានសមត្ថភាពសិល្បៈហើយនោះ អ្នកនាងក៏មានជំនាញផ្នែកសាឡន និងតូបសាឡនបើកស្វាគមន៍ភ្ញៀវ និងអ្នកគាំទ្រមកទទួលសេវាកម្មផងដែរ៕

