កំពុង​តែ​មាន​ការគាំទ្រ​ជាច្រើន​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូច​ជា​ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​ឧបត្ថម បច្ចុប្បន្ន​ទីផ្សារ​ប្រដាល់គុនខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា បានឈានដល់កម្រិតខ្ពស់​​ ដោយ​អ្នក​ប្រដាល់​ល្បីៗឈ្មោះ​មួយ​ចំនួន​មាន​តម្លៃ​ខ្លួន​ដល់​ម៉ឺន​ដុល្លារ​រាល់​ពេល​ឡើង​សង្វៀន​ម្ដងៗ ដោយ​មាន​ប្រកួត​ខ្លះ​ទៀត​មាន​ដាក់​រថយន្ត សម្រាប់​ផ្ដល់​ជូន​កីឡាករជ័យលាភីផង​ដែរ។

ស្របពេល​កាល​ពី​រាត្រី​ថ្ងៃទី៨ កញ្ញា នៅ​ក្នុង​កម្មវិធីសប្រដាល់​គុនខ្មែរ 8 Men Tournament មាន​ការប្រកួត​ដណ្ដើម​ជ័យ​ជម្នះ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្តើមកាដូយក្សឡានខ្លាញ់គោពី GANZBERG ដោយ​ក្នុង​នោះ​ក៏​បាន​រក​ឃើញ​កីឡាករ​ដែល​ឈាន​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​រួចរាល់​គឺ​ កីឡាករ ពុទ្ធ សំបូរ នឹង​ត្រូវ​ជួបកីឡាករ ហុង សុវណ្ណចាន់សុធី នៅវគ្គផ្ដាច់​ព្រ័ត្រ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ខាង​មុខ​នេះ។

ថ្ងៃ​សារព័ត៌មានត្រយង សូម​បង្ហាញ​មុខ​កីឡាករ​គុន​ខ្មែរ​ចំនួន ៧រូប​ដែល​បាន​ប្រើ​ប្រាស់​ក្បាច់​គុន​ដូន​តា​ខ្មែរ​ រហូត​បាន​ឈ្នះ​រថយន្តម្នាក់​១គ្រឿង៖

ទី១៖ អ្នក​លេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់រថយន្តពីកម្មវិធីគុនខ្មែរអលស្តារ បន្ទាប់​ពី​ទទួល​បាន​សំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមកីឡាករគុនខ្មែរ​ចំនួន ៣នាក់​ផ្សេងទៀត ដែល​ជាបេក្ខភាពដណ្តើមរថយន្ត កាល​ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ទី២៖ ជើង​ខ្លាំង​គុន​ខ្មែរ ឃឹម​ បូរ៉ា​ ឈ្នះឡាន១គ្រឿង ក្រោយផ្តួលគូប្រកួត អេលីត សាន់ ត្រឹមទឹកទី១ ពី​​ព្រឹត្តិការណ៍​ប្រដាល់​ប៊ូសស្ត្រង​ឲ្យរថយន្ត នាយប់ថ្ងៃទី១១ តុលា ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

ទី៣៖ កីឡាករវ័យ២០ឆ្នាំ អេ អាំម៉ារីន ទទួល​បាន​រង្វាន់​រថយន្ត Pick-Up ថ្មី​សន្លាង ១គ្រឿងពី Ganzberg កាល​ពី​ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង​ទៅ លើសង្វៀន ក្នុង​ទឹក​ដី​នៃប្រទេស​អូស្រ្តាលី។

ទី៤៖ កីឡាករ​ជើង​ខ្លាំង​មាន​រហស្សនាម «អ្នក​លេង​ពូថៅដៃ» ធឿន ធារ៉ា ដណ្ដើម​យក​ជ័យ​ជម្នះ​ចំនួន​៣លើកជាប់​ៗ​គ្នា ពី​ការ​ប្រកួត​គុន​ខ្មែរ Kun Khmer World Cup 2023 នាយប់​ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នឹង​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ក្នុង​ប្រភេទ​ទម្ងន់ ៧២គីឡូក្រាម និង​ទទួល​បាន​កាដូយក្ស គឺ​រង្វាន់​ឡាន Pick-Up ថ្មី​សន្លាង​១គ្រឿង​ទៀត​ពី​ម្ចាស់​ឧបត្ថម្ភធំ។

ទី៥៖ កីឡាករ​គុន​ខ្មែរ លន បញ្ញា បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត​ខ្លាញ់​គោ​ថ្មី​មួយ​គ្រឿងម៉ាក Mazda Seden ពីប៊ូសស្រ្តង នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ មឿន សុខហ៊ុច ក្រោយ​មាន​សម្លេង​​ឆ្នោត​គាំទ្រ​ឲ្យ​ឡើង​ទៅ​ប្រកួត​វគ្គ​ដណ្ដើម ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ ៤រូប​មាន ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ, ជើងរន្ទះដងទន្លេសាប មឿន សុខហ៊ុច, នាគកំណាចខេត្តកោះកុង យ៉េន ឌីណា និង​អ្នក​លេង​គុន​ខ្មែរ លន បញ្ញា។

ទី៦៖ កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន បានក្លាយជា​ម្ចាស់​រថយន្ត​ខ្លាញ់​គោ​ថ្មីពីប៊ូសស្រ្តង ​ក្រោយយកឈ្នះ មឿន សុខហ៊ុច ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ទី៧. កីឡាករ គុនខ្មែរ បឺត សង្ឃឹម ទទួលបានរង្វាន់ឡាន ពី Boostrong ក្រោយផ្តួលកីឡាករ វ៉ាន វឿន ត្រឹមទឹកទី១ នៅវគ្គផ្តាច់ព្រ័ត្រ និងជាម្ចាស់ឡានទី៧ បន្ទាប់​ពី​អ្នក​ប្រដាល់គុនខ្មែរ ៦រូប​ខាង​លើ។

ជាក់​ស្ដែង​ថ្មីៗ​នេះ អ្នកលេងគុនខ្មែរ បឺត សង្ឃឹម គឺ​ជាកីឡាករទី៧ ដែល​ប្រើ​ក្បាច់គុណខ្មែរ ទទួលបានរង្វាន់ឡាន បន្ទាប់​ពី ទី១.ពេជ្រ សម្បត្តិ ទី២. ឃឹម​ បូរ៉ា​ ទី៣. អេ អាំម៉ារីន ទី៤. ធឿន ធារ៉ា ទី៥.លន បញ្ញា និង ទី៦.ចាន់ ប៊ុនហឿន។

ដូច​នេះ​ អ្នក​លេង​គុនខ្មែរ ហុង សុវណ្ណចាន់សុធី នឹង​ត្រូវ​ត្រៀមឡើង​សង្វៀនជួប ពុធ សំបូរ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមឡាន ពី​កម្មវិធី 8 Men Tournament នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤។

សូមរំលឹក​ដែរ​ថា ក្រៅ​ពី​អ្នក​ប្រដាល់ ៧រូប​ខាង​លើក​ក៏​នៅ​មាន​អ្នកប្រដាល់​ម្នាក់​ទៀតក៏​ធ្លាប់​ទទួល​បាន​រង្វាន់​រថយន្ត ១គ្រឿង​ផង​ដែរ គឺ​ជាង​កាត់​សក់​ដៃឯក ព្រុំ សំណាង ប៉ុន្តែ​កាល​នោះ​មិន​មែន​ឈ្នះ​ដោយ​ប្រើ​ក្បាច់​គុន​ប្រដាល់​គុន​ខ្មែរ​លើ​សង្វៀន​ តែ​ជា​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បីស្ត្រី​ពិភពលោក Boostrong Poer to Women Festival ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ចំនួន ៥០០គូ។

Share.