ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ថា ព្យុះទីហ្វុង Yagi ដែលបានបោកបក់កាត់តំបន់ភ្នំភាគខាងជើងរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី៨ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ និងមនុស្ស ២២៩នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកស្លាប់រួមមាន ៥នាក់មកពីខេត្តមាត់សមុទ្រ Quang Ninh, ២នាក់មកពីទីក្រុង Hai Phong, ម្នាក់មកពីទីក្រុង Hai Duong, ម្នាក់មកពីរដ្ឋធានីហាណូយ, ៤នាក់មកពីខេត្ត Hoa Binh, ម្នាក់មកពីទីក្រុង Yen Bai, ម្នាក់មកពីទីក្រុង Lang Son និង ៦នាក់មកពីទីក្រុង Lao Cai។ ចំណែកមនុស្ស ៦នាក់ទៀត បានស្លាប់នៅទីក្រុង Lao Cai ដោយត្រូវបានប្រទះឃើញកប់ក្នុងដី ក្នុងទីតំបន់ Sa Pa។

បើតាមប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀលថ្ងៃអាទិត្យ ភ្នំកម្ពស់ ២០ម៉ែត្រស្រាប់តែបាក់រលំភ្លាមៗ កំឡុងភ្លៀងធ្លាក់ខ្លាំង បានបោកបក់នៅសង្កាត់ Muong Hoa ដែលមានប្រជាពលរដ្ឋចំនួន ២៦នាក់រស់នៅក្នុងផ្ទះចំនួន ៤ខ្នង ប៉ុន្ដែមានមនុស្ស ៩នាក់ប៉ុណ្ណោះ បានភៀសខ្លួនចេញដោយសុវត្ថិភាព ខណៈមនុស្ស ១៧នាក់ផ្សេងទៀតត្រូវបានកប់ដោយកម្អែលភក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គិតត្រឹមម៉ោង ៣និង៣០នាទីរសៀល សាកសពចំនួន៦ ត្រូវបានរកឃើញក្នុងនោះមានស្ត្រីអាយុ ៦៨ឆ្នាំម្នាក់ ក្មេងប្រុសអាយុ ១ឆ្នាំ និងទារកម្នាក់។
ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ និងរបួស ព្យុះទីហ្វុង Yagi ថែមទាំងបានបំផ្លាញផ្ទះជាង ៨,០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន ២៥គ្រឿង នៅខេត្ត Quang Ninh ទៀតផង ខណៈទីក្រុង Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។

ថ្វីបើព្យុះ Yagi នេះ បានថមថយឥទ្ធិពលទៅហើយមែននោះ ប៉ុន្ដែវៀតណាមព្រមានថា ហានិភ័យនៃគ្រោះទឹកជំនន់ និងការបាក់ដី នៅតែមានកម្រិតខ្ពស់។
សូមជម្រាបថា បើតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម, គ្រោះធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឱ្យមនុស្ស ១៤៧នាក់ស្លាប់ និងបាត់ខ្លួន ខណៈមនុស្ស ១០៤នាក់ផ្សេងទៀត បានរងរបួសនៅប្រទេសវៀតណាម ក្នុងរយៈពេល ៨ខែដំបូងនៃ ឆ្នាំ ២០២៤ នេះ៕

