កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវ បានសម្រេច ព្យាយាមជិះម៉ូតូរត់គេច ត្រូវបាន កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ ភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-2920 ធ្វើសកម្មភាពឆក់ទូរស័ព្ទ អ្នកដំណើរ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខេត្តប្រដេញតាម រហូតដល់ចំណុចខាងលើ ជនសង្ស័យស្លន់ជិះគេចជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ កម្លាំងចាប់ក្របួចបាន។

ក្រោយចាប់ជនសង្ស័យបាន រួមជាមួយម៉ូតូមួយគ្រឿង ត្រូវបាននាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

