យោង​តាម​សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ.ជ.ប.​) បាន​បញ្ជាក់​ពី​លទ្ធផល​សរុប​រយៈ​ពេល ៧​ថ្ងៃ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​យ៉ាង​ដូច្នេះ​៖ ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៧៩ ៨៤១ នាក់​, អ្នក​ដែល​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន ៦១ ៧៩២ នាក់​, អ្នក​ដែល​បាន​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ១១ ១២៥ នាក់​។

សូម​ជម្រាប​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ ២០២៤ នៅ​តាម​ឃុំ សង្កាត់ ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ២០២៤ រួម​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ដែល​ដំណើរ​ចាប់​ពី​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧​:​០០ ដល់ ១១​:​៣០​នាទី និង​ពេល​រសៀល​ចាប់​ពី​ម៉ោង ២​:​០០ ដល់ ៥​:​៣០​នាទី​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ នៅ​តាម ឃុំ សង្កាត់ ឬ​អាច​ពិនិត្យ​តាម​គេហទំព័រ​របស់ គ.ជ.ប. ដែល​មាន​អាសយដ្ឋាន www. voterlist.nec.gov.kh ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ (App) NEC KH ។ ប្រសិន​បើ ពិនិត្យ​ឃើញ​ថា​មាន​ការ​កត់ត្រា​មិន​បាន​ត្រឹមត្រូវ​ទៅ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​សុពលភាព​ទេ សាមី​ខ្លួន​អាច​ស្នើ​សុំ​កែ​តម្រូវ​ជា​មួយ​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។

ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ពោល​អ្នក​កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៦ ឬ​អ្នក​ដែល បាន​ផ្លាស់​លំនៅ​ឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ បាន​គ្រប់​ៗ​គ្នា នៅ​ឃុំ សង្កាត់ ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ ឬ​ស្នាក់​នៅ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ដំណើរ​ការ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៦​នៅ​ឡើយ​ទេ​៕

ប្រភព៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ.ជ.ប.​)

Share.