បើតាមក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសវៀតណាម បានឱ្យដឹងថា ជនរងគ្រោះ ៤នាក់ត្រូវបានជួយសង្រ្គោះទាន់ពេល ខណៈមនុស្សយ៉ាងហោចណាស់ ១៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយខ្សែនៅខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម បានបាក់រលំនៅថ្ងៃចន្ទ នេះ ដោយបណ្ដាលឱ្យរថយន្ដជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទន្លេក្រហម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ស្ពាន Phong Chau ឆ្លងកាត់លើដងទន្លេក្រហម និងជាស្ពានឆ្លងរវាងស្រុក Lam Thao និង Tam Nong បានបាក់រលំនៅម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី៩ ខែកញ្ញា នេះ។

ទាក់ទិននឹងបញ្ហានេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Ho Duc Phoc បានទៅដល់កន្លែងកើតហេតុផងដែរ ដោយជំហ៊ានដំបូង មានរថយន្ដប្រហែល ១០គ្រឿង និងម៉ូតូ ២គ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ដោយមនុស្ស ១៣នាក់បាត់ខ្លួន ហើយនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត។

ជាមួយគ្នា លោក Phoc បាននិយាយថា អាជ្ញាធរកំពុងពិចារណាជម្រើសនៃការសាងសង់ស្ពាន Pontoon បណ្ដោះអាសន្ននៅទីតាំងដដែលនេះ ដើម្បីកាត់បន្ថយការកក់ស្ទះ និងសម្រួលចរាចរណ៍ មុនពេលពិភាក្សាអំពីការសាងសង់ស្ពានថ្មីមួយទៀត៕

