ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង កើតឡើងនៅភូមិសាស្ដ្រ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី០៤ និងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងធ្វើការដកហូតបានវត្ថុតាង រថយន្តទាំង២គ្រឿង ដែលជារបស់ជនរងគ្រោះយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។
ជនសង្ស័យមានឈ្មោះ ZHANG JUN អាយុ៥១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ

