សិល្បៈជាតិ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក ម៉ៃ សុគន្ធ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោយពីទទួលស្គាល់កំហុស និងសងសំណងទៅជនរងគ្រោះ និងសំណងរដ្ឋ ចំពោះករណីបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង។

គួររំលឹកឡើងវិញថា ករណីលោក ម៉ៃ សុគន្ធ បើកបរក្នុងស្ថានភាពស្រវឹងនេះបានកើតឡើងនៅ វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនបង្ករហតុវ័យ៤២ ឆ្នាំរូបនេះ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរយ៉ាងលឿន បើកចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែនសមត្ថកិច្ចប្រដេញពីក្រោយ។
ដោយសារលោក ម៉ៃ សុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាល់កុល ខណៈរថយន្តទាំង២គ្រឿងរវាងរថយន្តលោកម៉ៃ សុគន្ធ និង រថយន្តរបស់សមត្ថកិច្ចប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្តលោកម៉ៃ សុគន្ធ បានជ្រុលល្បឿនបុករះម៉ូតូកង់បី២គ្រឿងដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចំនួន៣កង់ចេញពីជួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន៤នាក់។
ជុំវិញករណីនៃការដោះលែងលោក ម៉ៃ សុគន្ធ ឱ្យមានសេរីភាពឱ្យនៅក្រៅឃុំនេះ ភាគីលោក ម៉ៃ សុគន្ធ បានយល់ព្រមទទួលស្គាល់កំហុស និងសងសំណងទៅជនរងគ្រោះ និងសំណងរដ្ឋ។
ករណីរបស់លោក ម៉ៃ សុគន្ធ នេះដែរ ក៏ជាសារសំខាន់មួយជូនទៅកាន់ប្រជាពលរដ្ឋគ្រប់រូប កុំយកតម្រាប់តាមព្រោះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អាចចាត់ចូលថាជាសំណាងល្អមួយដែលមិនប៉ះពាល់ដល់អាយុជីវិតរបស់នរណាម្នាក់នៅលើដងវិថី ប៉ុន្តែយ៉ាងណាមិញ មិនមែនរាល់គ្រោះថ្នាក់សុទ្ធតែមានសំណាងដូចករណីនេះនោះឡើយ ដូច្នេះប្រសិនបើទទួលទានគ្រឿងស្រវឹង អ្នកបើកបរមិនគួរបញ្ជាចង្កូតដោយខ្លួនឯងនោះទេ យល់ល្អអ្នកអាចប្រើប្រាស់មធ្យោបាយផ្សេងៗដូចជាសេវាសាធារណៈរបស់រដ្ឋ ឬក៏អាចប្រើប្រាស់មធ្យោបាយតាម App ផ្សេងៗ ស្រវឹងសូមកុំបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការពារអាយុជីវិតអ្នកដទៃ៕

