សិល្បៈអន្តរជាតិ៖ Kim Jae Joong សមាជិកក្រុម JYJ បានទម្លាយឱ្យដឹងថា លោកបានសង់ផ្ទះវីឡាកម្ពស់ ៤ជាន់ ដែលមានតម្លៃជាង ៤លានដុល្លារអាមេរិក ជូនដល់ឪពុកម្ដាយចិញ្ចឹមរបស់លោក ដែលបានចិញ្ចឹមបីបាច់លោកដោយក្ដីស្រលាញ់គ្មានលក្ខខ័ណ្ឌ។

នៅក្នុងកម្មវិធីទូរទស្សន៍ Fun Staurant របស់ប៉ុស្ដិ៍ KBS លោក បាននិយាយប្រាប់ដោយឥតលាក់បាំងថាលោកបានចំណាយប្រាក់ ៦ពាន់លានវ៉ុន (ឬប្រមាណ៤,៥ លានដុល្លារ) ដើម្បីកសាងវីឡាទំនើបនិងទាន់សម័យ ជូនដល់ឪពុកម្ដាយចិញ្ចឹមរបស់លោក។ នៅក្នុងកម្មវិធីនោះក៏មានភ្ជាប់រូបភាពរបស់ Kim Jae Joong បានយួរផ្លែឈើដោយដៃទាំងធ្វើដំណើរទៅកាន់កន្លែងមួយ ដោយកន្លែងនោះគឺជាផ្ទះរបស់ពួកគេ។
Kim Jae Joong បានរៀបរាប់ថា ផ្ទះនេះ លោកបានចូលរួមមើលគ្រប់ច្រកល្ហក មិនថាក្នុងឬក្រៅនោះឡើយ។ ផ្ទះនេះមាន៤ជាន់ ជាន់ទីមួយសម្រាប់ចតរថយន្ត មានបន្ទប់ទទួលភ្ញៀវ និងផ្ទះនៅជាន់ទីពីរ នៅជាន់ទីបី មានបន្ទប់គេង និងបន្ទប់ ស្ទីមសូណា ចំណែកបន្ទប់សម្រាប់ភ្ញៀវនៅជាន់ទីបួន។
គួរដឹងថា Kim Jae Joong មានបងប្អូនសុទ្ធតែជាស្រី លោកគឺជាកូនទី៩ ជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ដែលឪពុកម្ដាយរបស់លោកបានទទួលយកចិញ្ចឹម៕



