ព្រះសីហនុ ៖ ទូកនេសាទមួយគ្រឿង ខណៈដែលបោះយុថ្កាដើម្បីជ្រករលក ខ្យល់បក់បោក ស្រាប់តែមានកម្មករនេសាទម្នាក់ធ្លាក់ពីលើទូក ចូលក្នុងសមុទ្រ បាត់ខ្លួន ផ្អើលសមត្ថកិច្ចចេញទៅជួយអន្តរាគមន៍ស្វែងរក តែមិនទាន់ឃើញ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចនិយាមកា Lat=10°17’07″N Long=103°09’19″E ខាងកើតផែកោះតាង ចម្ងាយ ០.៤១ ម៉ៃលិ៍ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទូកឈ្មោះ អ៊ុន បូច ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ ហើយនៅលើទូកមានគ្នា៥នាក់ ៖ ទី១ ឈ្មោះ សេង បិន ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកបើកបរទូក ។ ទី២ ឈ្មោះ សាំង សុភាស់ ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករទូក ។ ទី៣ ឈ្មោះ សាំង ដា ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករទូក ។ ទី៤ ឈ្មោះ យី យ៉ាំងយៀង ភេទប្រុស អាយុ៥៩ឆ្នាំ ជាកម្មករទូក។ ទី៥ ឈ្មោះ ទឺ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករទូក ជាអ្នកធ្លាក់ទឹកបាត់ខ្លួន។

តាមការពិនិត្យលក្ខណៈបច្ចេកទេស ទូកនេសាទមួយគ្រឿងខាងលើ ពាក់ស្លាកលេខ កក6-0592 មានបណ្ដោយ ១៣.៥០ម៉ែត្រ និងទទឹង ៤.៥០ម៉ែត្រ ជម្រៅទឹក២.១០ ម៉ែត្រប្រើប្រាស់ម៉ាស៊ីនម៉ាកMITSUBISISHI កម្លាំង២៥០សេះ។

សមត្ថកិច្ចបន្តទៀតថា នៅវេលាម៉ោងខាងលើ មុនកើតហេតុ ដោយសារខ្យល់បោកបក់ រលក ទូកមួយគ្រឿងនេះបានបោះយុថ្កា ដើម្បីជ្រក ស្រាប់តែមានកម្មករម្នាក់បានធ្លាក់ទឹក បាត់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចកងការពារកោះតាងលេខ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ, ទីស្នាក់ការសន្តិសុខកោះតាង ទីបញ្ជាការជួរមុខគ.ជ.ស.ស. និងអ្នកទូកនេសាទ បានសហការជួយស្វែងរក និងសង្គ្រោះប៉ុន្តែមកដល់ព្រលប់ថ្ងៃដដែល ការរុករកជនរងគ្រោះ មិនទាន់ឃើញនៅឡើយ ហើយព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបន្តតាមស្វែងរក ៕

អត្ថបទ៖តាតុងសែនជ័យ

Share.