រដ្ឋបាលស្រុកល្វាឯម ដោយមានការសម្របសម្រួលពីការិយាល័យអប់រំ យុវជន និងកីឡា ស្រុក បានអញ្ជើញអតីតអ្នកសារព័ត៌មានចំនួន២រូប គឺលោកបណ្ឌិត ទូច សុខៈ បច្ចុប្បន្នជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងលោក រ៉េន រតនៈ បច្ចុប្បន្នជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ និងព័ត៌មានទូទៅពាក់ព័ន្ធនឹងការសិក្សា ជាពិសេសការឆ្លងកាត់ជីវិតពីសិស្សទៅជានិស្សិត និងពីនិស្សិតទៅជាអ្នកបម្រើការងារតាមស្ថានប័នរដ្ឋ និងឯកជន។


កម្មវិធីនេះបានរៀបចំឡើងជាចំហរ ក្រោមម្លប់ឈើត្រជាក់ល្ហឹមនៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោកបណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម។ លោក រ៉េន រតនៈ អតីតនិពន្ធនាយករងសារព័ត៌មានត្រយង បានថ្លែងឱ្យដឹងថា នេះជាលើកទី៣ហើយដែលលោកបានចូលរួមសម្របសម្រួលរៀបចំវគ្គចែករំលែកបទពិសោធន៍និងព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សក្នុងស្រុកល្វាឯម ដែលជាស្រុកកំណើតរបស់លោក។

មូលហេតុដែលនាំឱ្យលោកផ្ដួចផ្ដើមរៀបចំវគ្គនេះឡើង គឺបន្ទាប់ពីបានសង្កេតឃើញបទពិសោធន៍ជោគជ័យប្រកបដោយគុណភាព ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំវគ្គនេះនៅតាមបណ្ដាវិទ្យាល័យទូទាំងខេត្តព្រៃវែង ដែលធ្វើឱ្យសិស្សានុស្សិស ជាពិសេសថ្នាក់ទី១២ ទទួលបានព័ត៌មានច្រើនពាក់ព័ន្ធជម្រើសសិក្សា និងការងារ រួមទាំងបទពិសោធន៍ផ្សេងៗ ក្រោយពីពួកគេបញ្ចប់ការសិក្សាថ្នាក់ទី១២។ លោកបន្ថែមថា ជាក់ស្ដែងសម្រាប់រូបលោក និងសិស្សជំនាន់មុនៗ គឺបានបញ្ចប់ការសិក្សាថ្នាក់ទី១២ដោយភាពមិនច្បាស់លាស់ ពោលគឺមិនច្បាស់ថាខ្លួនគួររៀនជំនាញអ្វី ចង់ធ្វើអ្វី និងត្រូវរៀបចំជីវិតសិក្សា និងការងារដោយរបៀបណាជាដើម។
លោកបណ្ឌិត កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងអំណរគុណលោកបណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ដែលបើទោះបីជាមានភាពមមាញឹកក្នុងការងារ ប៉ុន្តែលោកទាំងពីរតែងតែឆ្លៀតពេលវេលាមកចូលរួមជាវាគ្មិន ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងស្រុកល្វាឯម។ លោកចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ថាជាអំណោយផ្នែកពុទ្ធិដ៏ពិសេសថ្មីមួយទៀតសម្រាប់សិស្សានុសិស្សស្រុកល្វាឯម បន្ថែមលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការបើកវគ្គបំប៉ន់ត្រៀមប្រឡងបាក់ឌុបដោយឥតគិតថ្លៃផ្ដល់ជូនដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក បណ្ឌិត ទូច សុខៈ និងលោក រ៉េន រតនៈ ក៏បានផ្ដល់អំណោយសៀវភៅ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ និងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១ សរុបជាងប្រមាណ១១០០ក្បាល ជូនសាលាស្រុកល្វាឯម វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ល្វាសរ ព្រមទាំងចែកជូនសិស្សានុសិស្សដែលបានចូលរួមផងដែរ៕














