ហាណូយ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅថ្ងៃអង្គារ នេះថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងទឹកជំនន់ ដែលបង្កឡើងព្យុះទីហ្វុង Yagi បានកើនឡើងដល់ចំនួន ៥៨នាក់ និង ៤០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា ជនរងគ្រោះភាគច្រើនត្រូវបានសម្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដោយបន្ថែមថា មនុស្សសរុបចំនួន ៧៥០នាក់បានរងរបួសក្នុងគ្រោះមហន្ដរាយធម្មជាតិមួយនេះ។

យោងតាមទីភ្នាក់ងារ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា កម្រិតទឹកតាមដងទន្លេជាច្រើននៅភាគខាងជើងប្រទេសវៀតណាម បានឡើងដល់កម្រិតប្រកាសអាសន្ន ដោយធ្វើឱ្យភូមិ និងតំបន់លំនៅដ្ឋានមួយចំនួនត្រូវជន់លិច។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Phu Tho​ បាន​ឲ្យ​ដឹង​ថា ស្ពានឆ្លង​កាត់​ទន្លេ​ក្រហម​ Phong Chau ដែលមានអាយុ​កាល ៣០​ឆ្នាំ​ ភាគ​ខាងជើង​ប្រទេស បាន​បាក់​កាលពី​ថ្ងៃ​ចន្ទ សប្ដាហ៍នេះ បានបណ្តាលឱ្យរថយន្ដ និងម៉ូតូ ជាច្រើនគ្រឿងបានធ្លាក់ចូលទន្លេ ខណៈ​មនុស្ស ៨នាក់​បាត់​ខ្លួន។

ចុចអាន៖ ម៉ូតូ និងរថយន្ដជាច្រើនគ្រឿងធ្លាក់ចូលទន្លេ ខណៈមនុស្ស ១៣នាក់បាត់ខ្លួន ក្រោយស្ពានឆ្លងទន្លេមួយខ្សែត្រូវកាត់ផ្ដាច់

សូមជម្រាបថា ព្យុះទីហ្វុងនេះ បានបោកបក់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន មកលើឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាម ដោយបានបំផ្លិចបំផ្លាញតំបន់ឧស្សាហកម្ម និងលំនៅដ្ឋានជាច្រើន ហើយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីដ៏គ្រោះថ្នាក់៕

ប្រភព៖ CNA

Share.