កណ្តាល៖ កម្លាំងសម្ថកិច្ចខេត្តកណ្តាលបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាព លួចមាន់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ នៅរោងចិញ្ចឹមសត្វមាន់របស់ជនរងគ្រោះ ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា០៣នាក់ ឃាត់ខ្លួនបាន២នាក់ ទី១.ឈ្មោះ ឡុង លិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន (+) ។ ទី២.ឈ្មោះ ឈុន ថានា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន (+) និងម្នាក់ទៀតកំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅរៀបចំចាក់សោទ្វាររោងមាន់ រួចហើយក៏ត្រឡប់មកផ្ទះរបស់ខ្លួនវិញ ដោយមិនមានអ្នកដេកចាំរោងមាន់នោះទេ។ លុះដល់ព្រឹកឡើងថ្ងៃខែឆ្នាំ កើតហេតុ វេលាម៉ោង០៧:០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅដាក់ចំណីឱ្យសត្វមាន់ នៅចំណុចកើតហេតុ ស្រាប់តែឃើញទ្វាររោងមាន់ មានស្នាមគាស់ច្រវ៉ាក់ដែលចាក់សោបើកអស់ ពេលនោះ ជនរងគ្រោះបានរាប់ចំនួនសត្វមាន់របស់ខ្លួន ទើបដឹងបាត់អស់ចំនួន០៤ក្បាល ភ្លាមនោះជនរងគ្រោះបានតេទូរសព្ទទៅប្រាប់បងប្រុសឈ្មោះ ស៊ុយ ឌីណូ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ថាមានចោរចូលលួចមាន់អស់ចំនួន០៤ក្បាល ។

លុះដល់ម៉ោង០៩:០០នាទីព្រឹក ស្រាប់តែឈ្មោះ ស៊ុយ ឌីណូ តេទូរសព្ទមកប្រាប់ជនរងគ្រោះវិញថា មាន់ដែលបាត់នោះរកឃើញវិញហើយ គឺនៅផ្ទះរបស់ជនសង្សយ័ឈ្មោះ ឡុង លិ នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់មកជនរងគ្រោះបានមកមើលសត្វមាន់នោះឃើញហើយស្គាល់ ពិតជាសត្វមាន់របស់ខ្លួន ក្រោយមកជនរងគ្រោះរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានធ្វើការស្រាវជ្រាវបន្តទើបកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកនាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។

ជនរងគ្រោះមានឈ្មោះ ថា លីហួរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិត្រពាំទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថាខ្លួន និងបក្ខពួក០១នាក់ទៀតឈ្មោះ ឈុន ថានុន (គេចខ្លួន) ពិត ជាបានធ្វើសកម្មភាពគាស់ទ្វាររោងចិញ្ចឹមមាន់របស់ជនរងគ្រោះ ហើយលួចចាប់យកសត្វមាន់បានចំនួន០៤ក្បាល ហើយបានធ្វើម្ហូបហូបអស់ ០១ក្បាលហើយ។ ហើយបន្តសារភាពទៀតថាកន្លងមកខ្លួននិងបក្ខពួក ធ្លាប់ ធ្វើសកម្មភាព លួចមាន់ អ្នកភូមិបាន ជាច្រើនលើករួចមកហើយ ក្រោយពីធ្វើសកម្មភាពលួចសត្វមាន់បានហើយយកទៅលក់នៅម្តុំភូមិព្រៃផ្ចឹក ឃុំសំរោងលើ (មិនស្គាល់អ្នកទិញ) បានលុយយកទៅទិញថ្នាំញៀនដើម្បីប្រើប្រាស់ជាមួយគ្នា។ បច្ចប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

Share.