បន្ទាយមានជ័យ៖ អាជ្ញាធរចុះផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ “APP No Drug” ដល់ពលរដ្ឋដើម្បីធ្វើការរាយការណ៍ពីបញ្ហាគ្រឿងញៀន និងក្មេងទំនើង ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


  នៅក្នុងកម្មវិធីចុះផ្សព្វផ្សាយពីការទាញយកកម្មវិធីទូរសព្ទដៃ “APP No Drug” របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះ មានព្រះសង្ឃ យុវជន ប្រជាពលរដ្ឋសរុបប្រមាណជិត៤០០អង្គ/នាក់ ដើម្បីចូលរួមស្តាប់និងទាញយកកម្មវិធីដើម្បីប្រើប្រាស់។


លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ការចុះផ្សព្វផ្សាយពីការទាញយកកម្មវិធីទូរសព្ទដៃ “APP No Drug” របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះ ប្រជាពលរដ្ឋអ្នកប្រើប្រាស់App No drug អាចរាយការណ៍ដោយសំងាត់ អំពីបញ្ហា គ្រឿងញៀន ក្មេងទំនើង បារីអេឡិចត្រូនិច និងទឹកក្រាធំ។ ប្រជាពលរដ្ឋធ្វើសេចក្តីរាយការណ៍មក ក្រុមការងារ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត បញ្ជូនព័ត៌មាននោះទៅកាន់គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងបង្រ្កាបជាបន្ទាន់។


  លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ការទាញយកកម្មវិធីទូរស័ព្ទដៃឈ្មោះ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យកទៅប្រើប្រាស់ ដើម្បីធ្វើការរាយការណ៍ពីបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន។ នៅក្នុង APP នេះក៏មានដូចជា វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលអប់រំកែប្រែទូទាំងប្រទេស របស់រដ្ឋ និង ឯកជនផងដែរ។


លោកយឹម សំណាង បញ្ជាក់បន្ថែមថា៖ ប្រជាពលរដ្ឋអាចរាយការណ៍នូវរាល់ករណីគ្រឿងញៀនទៅកាន់អាជ្ញាធរជាសម្ងាត់និងឆាប់រហ័ស។ អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ ដែលនៅក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋបានប្រើប្រាស់កម្មវិធីនេះ សំរាប់រាយការណ៍ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើនករណីហើយផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.