សិល្បៈជាតិ៖ ក្រោយកើតហេតុការណ៍ត្រូវប៉ូលិសចាប់តាមគោលដៅ និងឃាត់ខ្លួនយក​ទៅប៉ុស្ដិ៍​ប៉ូលិស នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ពោលគឺ ១ ថ្ងៃក្រោយមក តារាសម្ដែង ឌុច លីដា ចេញមកបង្ហោះសារស្នើឱ្យអ្នកសារព័ត៌មាន និងម្ចាស់គណនីផេកហ្វេសប៊ុកមួយចំនួន លុបវីដេអូបែកធ្លាយរបស់ខ្លួនចេញពីបណ្ដាញសង្គម។

អ្នកនាង​ ឌុច លីដា បានបង្ហោះសារទាំងសរសេរអក្សរត្រូវលាយខុសខ្លះៗយ៉ាងដូច្នោះ៖

សូមជំរាបជូនបងប្អូនមហាជនទាំងអស់គ្នា នាងខ្ញុំសូមធ្វើការស្នើរសុំទៅកាន់បងបង សារពត៌មានទាំងអស់នឹងបងប្អូនម្ចាស់page, ម្ចាស់tiktuk កដូចជាអ្នកស៊ែរសូមលុបនៅវិឌិអូ នឹងវិញទាំងអស់ផង ចំពោះបញ្ហាដែលបានកើតឡើងនៅយប់នោះបានបញ្ចប់រួចរាល់ហើយ តាំងពីយប់ហ្នុង ដោយខាងខ្ញុំអ្នកបើកបរបានសហការណ៍ផ្លុំតាមបងប៉ូលីសហើយ បង់លុយពិន័យហើយ ធ្វើតាមគ្រប់យ៉ាងហើយ គ្រាន់តែអត់គ្រប់កំរិតលេខទើប បាននៅនិយាយគ្នា ចឹងសូមបងប្អូនកុំមានការយល់ច្រលំទៀតអី បងប្អូន page ខ្លះគាត់លប់រួចហើយដោយគាត់យល់ តែនៅឡើយpageខ្លះទៀតមិនទានបានលុប សូមអរគុណទុកជាមុន ។

គួររំលឹកដែរថា ផ្អែកតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ក្រោយពីនាំតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ សមត្ថកិច្ចបានវាស់ជាតិអាល់កុល គឺមានកម្រិត ០.៩០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ផាកពិន័យចំនួន២លានរៀល។ អ្វីដែលសមត្ថកិច្ចកត់សម្គាល់ មុននឹងនាំតារាសម្ដែង ឌុច លីដា ទៅអធិការខណ្ឌ គឺដោយសារតែតារាសម្ដែងល្បីរូបនេះ មិនបានសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់មកលើសមត្ថកិច្ចទៀតផង៕

Share.